ដោយ ដួង សុខា ថ្ងៃពុធ ទី12 មិថុនា ឆ្នាំ2013 ម៉ោង08:20
បណ្តាញកសាងសន្តិភាពសហគមន៍ ប្រមាណជា 8០០នាក់ មកពី ២៤ រាជធានី-ខេត្ត-ក្រុង នៅព្រឹកថ្ងៃពុធនេះ បានប្រមូលផ្តុំគ្នា នៅមុខក្រសួងយុត្តិធម៌ ដាក់ញត្តិជូនក្រសួងយុត្តិធម៌ រដ្ឋសភា និងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ទាមទារឲ្យដោះលែងសកម្មជនសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ។
លោក កែវ រតនៈ អ្នកយកព័ត៌មានរបស់សំឡេងប្រជាធិបតេយ្យ ដែលបានតាមដានព័ត៌មាននេះ បានឲ្យដឹងថា ប្រជាសហគមន៍ដែលបានមកដាក់ញត្តិនេះ បានចងក្រណាត់ក្រហមនៅលើក្បាល កាន់បដា និងមានកាន់រូបថតសកម្មជនដីធ្លីតំបន់បឹងកក់អ្នកស្រី យ៉ោម បុប្ផា ផងដែរ។ លោក កែវ រតនៈ បន្តថា គោលបំណងនៃការដាក់ញត្តិ គឺស្នើសុំឲ្យក្រសួងយុត្តិធម៌ រដ្ឋសភា និងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម អន្តរាគមន៍ឲ្យមានការដោះលែង បញ្ឈប់ការចោទប្រកាន់ និងបញ្ឈប់ការតាមចាប់ខ្លួនសហគមន៍ដីធ្លី ធនធានធម្មជាតិ លំនៅឋាន និងអ្នកការពារសិទ្ធិមនុស្ស ឲ្យមានសេរីភាពឡើងវិញ។
បណ្តាញកសាងសន្តិភាពសហគមន៍ ក៏ស្នើឲ្យស្ថាប័នទាំងនេះ ចាត់វិធានការណ៍តាមច្បាប់ចំពោះមន្ត្រីតុលាការ ដែលបានប្រព្រឹត្តអំពើពុករលួយ និងប្រព្រឹត្តផ្ទុយពីវិជ្ជាជីវៈរបស់ខ្លួន។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់បណ្តាញកសាងសន្តិភាពសហគមន៍ កាលពីថ្ងៃម្សិលមិញ បានឲ្យដឹងថា រយៈពេល ៥ឆ្នាំចុងក្រោយនេះ អ្នកការពារសិទ្ធិមនុស្ស ដីធ្លី ធនធានធម្មជាតិ និងលំនៅឋានជាច្រើន បានទទួលនូវការគំរាមកំហែងពីប្រព័ន្ធតុលាការ តាមរយៈការចាប់ខ្លួន ការចោទប្រកាន់ដោយបំភ្លៃរឿងក្តីទៅជាបទល្មើសផ្សេងៗ ដូចជា បទល្មើសព្រហ្មទណ្ឌ ញុះញង់ ឆបោក និងការរំលោភកម្មសិទ្ធិឯកជន ជាដើម។
បណ្តាញកសាងសន្តិភាពសហគមន៍ យល់ថា ការចោទប្រកាន់ទាំងនេះ ខុសពីការពិត ហើយលើសពីនេះទៀត សកម្មជនការពារធនធានធម្មជាតិ និងសិទ្ធិមនុស្សមួយចំនួនត្រូវបានគេធ្វើឃាដ ដោយមិនបានធ្វើការដោះស្រាយរកយុត្តិធម៌ជូនពួកគេឡើយ។ ការចាប់ខ្លួន ចោទប្រកាន់ទៅលើអ្នកការពារសិទ្ធិមនុស្ស ដីធ្លី ធនធានធម្មជាតិ លំនៅដ្ឋាន នៅតែកើតមានជាបន្តបន្ទាប់រហូតមកដល់ពេលនេះ មានចំនួនជាង ៤០០នាក់ ហើយអាចនៅមានមួយចំនួនផ្សេងទៀត៕
No comments:
Post a Comment