Pages

Monday, June 10, 2013

សហគមន៍​​បឹង​កក់​​ដាក់​​ញត្តិ​​សកម្មជន​​សិទ្ធិ​មនុស្ស​​មក​​ពី​​៤០​​ប្រទេស ដើម្បី​រក​​អន្តរាគមន៍​ដោះលែង​អ្នកស្រី យ៉ោម បុប្ផា

តំណាង​សហគមន៍​បឹងកក់ ជិត​២០​នាក់ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ យក​ញត្តិ​របស់​សកម្មជន​សិទ្ធិ​មនុស្ស​​ចំនួន​៤០​ប្រទេស ដែល​ជំរុញ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដោះលែង​អ្នកស្រី យ៉ោម បុប្ផា ទៅ​ដាក់​នៅ​ស្ថាប័ន​ពាក់ព័ន្ធ​ចំនួន​៤​។
​ញត្តិ​នេះ នឹង​ត្រូវ​ដាក់​ទៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួង​​យុត្តិ​ធម៌ សាលា​​​ឧទ្ធរណ៍ និង​រដ្ឋសភា ដើម្បីឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងនេះ​អន្តរា​គមន៍ ដោះលែង​តំណាង​សហគមន៍​របស់​ពួក​គេ អ្នកស្រី យ៉ោម បុប្ផា​។ ញត្តិ​​ដែល​ចុះហត្ថលេខា​ដោយ​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ជាង​១០០​នាក់ មកពី​៤០​ប្រទេស ឲ្យដឹងថា ការចាប់ខ្លួន​ស្ត្រី​សកម្មជន​ដីធ្លី​រូបនេះ បង្ហាញ​ថា ​រដ្ឋាភិបាល​កំពុង​បំបា​ក់​ស្មារតី​​ប្រជា​សហគមន៍​​មិនឲ្យ​ធ្វើ​សកម្មភាព​​ក្នុងការត​វ៉ារឿង​ដីធ្លី​របស់​​ខ្លួន​។ ញត្តិ​របស់​សកម្មជន​សិទ្ធិ​មនុស្ស​ទាំងនោះ ទាមទារ​ឲ្យ​រដ្ឋាភិបាល​​កម្ពុជា​ដោះលែង​អ្នកស្រី យ៉ោម បុប្ផា ជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ​។

នៅ​ម៉ោង​ជិត​១០​ព្រឹក​នេះ ពួកគាត់​បាន​យក​ញត្តិ​ទៅ​ដាក់​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​។ តែ​មុនពេល​ចូល​ដាក់ មន្ត្រី​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​​មិន​​ព្រម​​ឲ្យ​​ពួក​​គាត់​ចូល​ទៅ​ខាង​ក្នុង​ទេ។
​តំណាង​សហគមន៍​បឹងកក់ អ្នកស្រី គង់ ចន្ថា ប្រាប់​អ្នកយក​ព័ត៌មាន​នៅខាងមុខ​ទីស្តីការគណៈរដ្ឋមន្ត្រី​ថា នៅថ្ងៃនេះ អ្វី​​ដែល​សំខាន់​​គឺ​ពួកគាត់​ចង់​ឲ្យ​ស្ថាប័ន​ទាំងនោះ​ដឹងថា សូម្បី​តែ​អន្តរជាតិ​ក៏​គាំទ្រ​ឲ្យមាន​ការ​ដោះ​លែង​​អ្នក​ស្រី យ៉ោម បុប្ផា​ ដែរ​ដោយ​សារ​​​គាត់​មិន​មាន​ទោស​ដូច​ការចោទប្រកាន់​នោះ​ទេ​ ៖ “​ខ្ញុំ​មក​ពឹង​នេះ ខ្ញុំ​មិនមែន​ឲ្យ​គាត់​នេះ ដោះលែង​អ្នកស្រី យោ​ម បុប្ផា​ទេ តែ​គាត់​ស្ថាប័ន​រដ្ឋ​ទាំងមូល​មួយ​នេះ តើ​គាត់​ទទួល​ដឹងលឺ​ដោយ​ប្រជាពលរដ្ឋ ឲ្យ​ប្រជាពលរដ្ឋ​ពឹងផ្អែក​មក​ពួកគាត់ គាត់​ក៏​សហការគ្នា និង​ចាប់ដៃគ្នា​ដើម្បី​សំនូមពរ​ទៅ​តុលាការ ដើម្បី​ឲ្យ​ដោះលែង ដើម្បី​ឲ្យ​យក​ប្រព័ន្ធ​តុលាការម​ក​គាប់សង្កត់ ប្រជាពលរដ្ឋ ប្រសិន​ស្ថាប័ន​គាត់​មិន​ទទួល​ដឹងលឺ អ៊ីចឹង​បណ្តោយ​ឲ្យ​តុលាការ បាន​ដៃ​តុលាការ ទៅ​ចាប់​ប្រជាពលរដ្ឋ​ដែល​គ្មាន​កំហុស យកទៅ​ដាក់​ពន្ធនាគារ មិនចេះចប់ មិនចេះ​ហើយចឹង​”​។​
​ស្តាប់សំឡេង៖    
អគ្គនាយករង​ផ្នែក​រដ្ឋបាល​នៃ​ក្រសួង​យុត្តិធម៌ លោក សំ ប្រជាមានិត មានប្រសាសន៍ថា លោក​មិន​ទាន់​ទទួល​ញត្តិ​នៅឡើយ​ទេ តែ​​ក្រសួង​និង​ពិចារណា​បន្ទាប់ពី​ទទួលបាន​ញត្តិ​នេះ​។​
ការដាក់​ញត្តិ​ស្វែងរក​អន្តរាគមន៍​ជា​ថ្មី​ទៀត​នេះ ធ្វើឡើង​បន្ទាប់​ពី​សាលា​ឧទ្ធរណ៍ កាលពី​ថ្ងៃ​ទី​៥ ខែ​មិថុនា​នេះ បើក​សវនាការ​លើ​បណ្តឹង​​ទាស់​របស់​អ្នកស្រី​យ៉ោម បុប្ផា និង​ស្វាមី​។ សាលាឧទ្ធរណ៍ នឹង​បន្ត​សវនាការ នៅ​ថ្ងៃ​ទី​១៤ ខែ​មិថុនា​នេះ​។​
កាលពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១២ សកម្មជន​ដីធ្លី អ្នកស្រី​យ៉ោម បុប្ផា ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្តន្ទាទោស​ដាក់​ពន្ធនាគា​រ​​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​៦០​លាន​រៀល  ពី​បទ​ប្រើ​ហិង្សា​ដោយ​ចេតនា​វាយ​បុរស​អ្នករត់​ម៉ូតូឌុប​ពីរ​នាក់​ឲ្យ​របួស ៕​

No comments:

Post a Comment