Wednesday, June 12, 2013

បណ្តាញ​​សហគម​ន៏ អំពាវ​នាវ​​ឲ្យ​​រដ្ឋាភិបាល​​ដោះ​លែង​​សកម្ម​ជន​​សិទ្ធិ​មនុស្ស ដីធ្លី និង​​ធន​ធាន​ធម្ម​ជាតិ​

​ដោយ ដួង សុខា ថ្ងៃពុធ ទី12 មិថុនា ឆ្នាំ2013 ម៉ោង08:20
បណ្តាញ​កសាង​សន្តិភាព​សហគមន៍  ប្រមាណ​​ជា 8០០​​នាក់ មក​ពី ២៤ រាជធានី​​-ខេត្ត​​-​ក្រុង នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ បាន​ប្រមូល​ផ្តុំ​គ្នា នៅ​មុខ​ក្រសួង​​យុត្តិ​ធម៌ ​​ដាក់​ញត្តិ​​ជូន​​ក្រសួង​​យុត្តិធម៌ រដ្ឋ​សភា និង​ឧត្តម​​ក្រុម​ប្រឹក្សា​​នៃ​​អង្គចៅក្រម​ ទាម​ទារ​ឲ្យ​ដោះ​លែង​​សកម្ម​ជន​សិទ្ធិ​មនុស្ស ដីធ្លី និង​ធន​ធាន​ធម្ម​ជាតិ​។​
លោក​ កែវ រតនៈ​ អ្នក​យក​ព័ត៌មាន​របស់​សំឡេង​ប្រជា​ធិបតេយ្យ ដែល​បាន​តាម​ដាន​ព័ត៌មាន​នេះ បាន​ឲ្យ​ដឹង​ថា ប្រជា​សហគមន៍​ដែល​បាន​មក​ដាក់​ញត្តិ​នេះ បាន​ចង​ក្រណាត់​ក្រហម​នៅ​លើ​ក្បាល កាន់​បដា និង​មាន​កាន់​រូប​ថត​សកម្ម​ជន​ដីធ្លី​តំបន់​បឹង​កក់​អ្នក​ស្រី យ៉ោម បុប្ផា​ ផង​ដែរ។ លោក កែវ រតនៈ បន្ត​ថា គោលបំណង​នៃ​ការ​ដាក់​​ញត្តិ គឺ​ស្នើ​សុំ​ឲ្យ​ក្រសួង​យុត្តិ​ធម៌ រដ្ឋសភា និង​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម អន្តរាគមន៍​ឲ្យ​មានកា​រ​​ដោះលែង បញ្ឈប់​ការ​ចោទ​ប្រកាន់ និង​បញ្ឈប់​​ការ​តាម​ចាប់ខ្លួន​សហគមន៍​ដី​ធ្លី ធន​ធាន​ធម្ម​ជាតិ លំនៅឋាន និង​​អ្នក​ការ​ពារ​​សិទ្ធិ​មនុស្ស ឲ្យ​មាន​សេរី​ភាព​​​ឡើង​វិញ​។
​បណ្តាញ​កសាង​សន្តិភាព​សហគមន៍ ក៏​​ស្នើ​ឲ្យ​ស្ថាប័ន​ទាំងនេះ​ ចាត់វិធានកា​រណ៍​តាម​ច្បាប់​​ចំពោះ​មន្ត្រី​តុលាការ ដែល​បាន​ប្រព្រឹត្ត​អំពើ​​​ពុក​រលួយ និង​ប្រព្រឹត្ត​ផ្ទុយ​ពី​វិជ្ជាជីវៈ​របស់​ខ្លួន​។​
បើតាម​សេចក្តី​​ប្រកាស​​​ព័ត៌​​មានរបស់​បណ្តាញ​កសាង​សន្តិ​ភាព​សហ​គមន៍ កាល​ពី​ថ្ងៃ​ម្សិល​មិញ បាន​ឲ្យ​ដឹង​ថា​ រយៈពេល ៥​ឆ្នាំ​​ចុង​​ក្រោយ​​​នេះ អ្នកការពារ​សិទ្ធិ​មនុស្ស ដីធ្លី ធនធាន​​ធម្មជាតិ និង​​លំនៅ​ឋាន​ជា​ច្រើន បាន​​ទទួល​​នូវ​​ការ​គំរាម​កំហែង​​ពី​ប្រព័ន្ធ​តុលាការ តាមរយៈ​ការ​ចាប់​ខ្លួន ការ​ចោទ​ប្រកាន់​​ដោយ​​បំភ្លៃ​​រឿង​ក្តី​​ទៅ​​ជា​​បទ​ល្មើស​ផ្សេងៗ ដូចជា បទល្មើស​ព្រហ្មទណ្ឌ ញុះញង់ ឆបោក និង​ការរំលោភ​កម្មសិទ្ធិឯកជន ជាដើម​។
​បណ្តាញ​​កសាង​សន្តិភាព​សហគមន៍ យល់ថា ការចោទប្រកាន់​ទាំងនេះ ខុស​ពី​ការ​ពិត ហើយ​លើសពីនេះ​ទៀត សកម្មជន​ការ​ពារ​​​ធន​​ធាន​​​ធម្មជាតិ និង​សិទ្ធិមនុស្ស​មួយចំនួន​ត្រូវបាន​គេ​ធ្វើឃាដ ដោយ​មិន​បាន​ធ្វើការ​ដោះស្រាយ​រក​យុត្តិធម៌​ជូន​ពួកគេ​ឡើយ​។ ការ​​ចា​ប់ខ្លួន ចោទប្រកាន់​ទៅ​​លើ​អ្នក​ការពារ​សិទ្ធិមនុស្ស ដីធ្លី ធនធានធម្មជាតិ លំនៅដ្ឋាន នៅតែ​កើតមាន​ជា​បន្តបន្ទាប់​រហូត​មក​​​ដល់​​ពេល​នេះ មាន​ចំនួន​ជាង ៤០០​នាក់ ហើយ​អាច​នៅ​មាន​មួយ​ចំនួន​ផ្សេងទៀត​៕​

No comments:

Post a Comment