ភ្នំពេញ៖ ក្រសួងមហាផ្ទៃ
បានចេញសេចក្តីថ្លែងការណ៍មួយនៅរសៀលនេះដោយបញ្ជាក់ថា ឈ្មោះ ប៊ុន រដ្ឋា
ដែលជាសមាជិករបស់សមាគមអ្នកប្រជាធិបតេយ្យ
បានដឹកនាំប្រមូលផ្តុំប្រជាពលរដ្ឋមួយក្រុមទៅបង្កើតភាពអនាធិបតេយ្យ
តាមរយៈការវាស់វែងដីចែកប្រជាពលរដ្ឋជំនួសឲ្យអាជ្ញាធរ។
នេះជាអំពើខុសច្បាប់រដ្ឋធម្មនុញ្ញដែលបង្ខំឲ្យរដ្ឋាភិបាលបង្ក្រាប។
សេចក្តីថ្លែងការណ៍របស់ក្រសួងមហាផ្ទៃបានបញ្ជាក់ថា ឈ្មោះ ប៊ុន រដ្ឋា
បានតាំងខ្លួនជាអាជ្ញាធរដោយវាស់វែងដីចែកប្រជាជនដែលខ្លួនប្រមូល
ឲ្យចូលជាសមាជិកសមាគមអ្នកប្រជាធិបតេយ្យ។
ក្រុមនេះបានរារាំងសមត្ថកិច្ចមិនឲ្យចុះវាស់វែងដីធ្លីជូនប្រជាជន
និងក៏ធ្លាប់បានចាប់ខ្លួនយោធាពីររូបបង្ខាំងទុកនិងដកហូតអាវុធពីរ
ដើមទៀត។ ក្រសួងមហាផ្ទៃក៏បានចោទថា
ក្រុមនេះបានធ្វើបាតុកម្មរារាំងផ្លូវខុសច្បាប់ជាច្រើនលើក។
សកម្មភាពអស់ទាំងនេះត្រូវបានក្រសួងមហាផ្ទៃចាត់ទុកថាជាចេតនាបង្កើត
តំបន់អប្បគមន៍ខុសពីច្បាប់រដ្ឋធម្មនុញ្ញដែលទាមទារឲ្យរដ្ឋាភិបាល
ចាត់វិធានការបង្ក្រាបជាចាំបាច់។
យ៉ាងណាក៏ដោយក្រុមអង្គការសិទ្ធិមនុស្សដែលបានតាមដានព្រឹត្តិការណ៍នេះ
អះអាងថា ពួកគេមិនជឿថា នេះជាការប៉ុនប៉ងបង្កើតតំបន់អប្បគមន៍ទេ
ពីព្រោះគ្មានទាហាន គ្មានអាវុធនៅទីនោះឡើយ។
តំណាងសង្គមស៊ីវិលជាច្រើនចាត់ទុកបញ្ហានេះថាជាបរាជ័យក្នុងការ
ដោះស្រាយបញ្ហាដីធ្លីរបស់អាជ្ញាធរ។ សូមបញ្ជាក់ថា នៅព្រឹក
ថ្ងៃពុធទី១៦ឧសភានេះ កងកម្លាំប្រដាប់
អាវុធរបស់រដ្ឋាភិបាលបានឡោមព័ទ្ធក្រុមដែលគេហៅថា
ជាអ្នកចាប់ដីរដ្ឋអាណាធិបតេយ្យ ដែលត្រូវបានរដ្ឋាភិបាលសង្ស័យថា
ពួកគេចង់បង្កើតកម្លាំងអប្បគមន៍នៅតំបន់កំពង់ដំរី ស្រុកឆ្លូង
ខេត្តក្រចេះ។
មានក្មេងស្រីម្នាក់ត្រូវបានបាញ់សម្លាប់នៅក្នុងព្រឹត្តិការណ៍នោះ។
នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១២ដដែលនោះ
កម្លាំងសមត្ថកិច្ចរបស់រដ្ឋាភិបាល
បានបើកប្រតិបត្តិការចូលទៅគ្រប់គ្រងតំបន់នោះ ដោយជោគជ័យ
ហើយកំពុងបន្តស្វែងរកចាប់ខ្លួនមេក្លោងអនាធិបតេយ្យ ចំនួន ៥នាក់៕
No comments:
Post a Comment