Thursday, May 17, 2012

លោកខៀវ សុភ័គ៖ មិន​មាន​​របាយការណ៍​​ទាក់​ទង​​នឹង​​លោក​​ម៉ម សូណង់ដូ​​នោះ​​ទេ


សមត្ថកិច្ច ​បានប្រកាស​ស្វែងរក​ចាប់ខ្លួន​មនុស្ស៥នាក់​ដែល​សមត្ថកិច្ច​អះអាងថា​ជា​ មេខ្លោង​ដឹកនាំ​ប្រជាជន​ចាប់យក​ដី​រដ្ឋ​ដោយ​ខុសច្បាប់​នៅក្នុង​ឃុំ​កំពង់​ ដំរី ស្រុក​ឆ្លូង ខេត្តក្រចេះ។ ក្នុងចំណោម​បុរស​ទាំង៥នាក់​នោះ មានឈ្មោះ​ប៊ុន រដ្ឋា ដែលជា​សមាជិកសមាគម​អ្នកប្រជាធិបតេយ្យ​របស់​លោក​ម៉ម សូណង់ដូ។ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ថ្លែងថា «វា​អាស្រ័យ​លើ​សំណុំរឿង»។



ប៊ុន រដ្ឋា ដែល​សមត្ថកិច្ច​ចាត់ទុកថា ជា​មេខ្លោង​ដើរតួ​ជំនួស​អាជ្ញាធរ​វាស់វែង​ចែក​ដីធ្លី​អោយ​ពលរដ្ឋ​នៅក្នុង​ ឃុំ​កំពង់​ដំរី​ស្រុក​ឆ្លូង​ខេត្តក្រចេះ​នោះ គឺជា​តំណាង​សមាគម​អ្នកប្រជាធិបតេយ្យ​របស់​លោក​ម៉ម សូណង់ដូ ដែលជា​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ។ សេចក្តីថ្លែងការណ៍​រប​ស់​ក្រសួងមហាផ្ទៃ​នា​រសៀល​ថ្ងៃ​ពុធ​នេះ មិនបាន​និយាយ​អំពី​មុខងារ​របស់លោក​ប៊ុន រដ្ឋា​នៅក្នុង​សមាគម​អ្នកប្រជាធិបតេយ្យ​នោះឡើយ។

លោក​ឧ​ត្ត​ម​សេនីយ​ឯក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​ថ្លែងប្រាប់​គេហទំព័រ «ថ្មី» នៅ​ល្ងាច​ថ្ងៃ​ពុធ​នេះ​ថា វា​មិនមាន​ឯកសារ​ដែល​បង្ហាញ​ពី​ការពាក់ព័ន្ធ​ប៊ុន រដ្ឋា​នៅក្នុង​សំណុំរឿង​កាន់​ដីធ្លី​នេះ ជាមួយ​លោក​ម៉ម សូណង់ដូ​នោះទេ។ «វា​អាស្រ័យ​លើ​សំណុំរឿង។ វា​ស្ថិតនៅលើ​តុលាការ​ត​ទៀត​ដែល​ធ្វើការ​លើ​បញ្ហា​នេះ» នេះ​ជាការ​បញ្ជាក់​របស់លោក​ឧ​ត្ត​ម​សេនីយ​ខៀវ សុភ័គ។

មិនទាន់មាន​ការអត្ថាធិប្បាយ​អ្វី​នៅឡើយ​ដែរ​ពី​លោក​ម៉ម សូណង់ដូ។ បុគ្គលិក​វិទ្យុ​សំបុក​ឃ្មុំ​បាន​និយាយ​អោយដឹងថា លោក​ម៉ម សូណង់ដូ​កំពុង​នៅ​សហរដ្ឋអាមេរិក៕

No comments:

Post a Comment