Thursday, May 17, 2012
សមត្ថកិច្ចបញ្ជូនក្រុមចាប់ដីខុសច្បាប់នៅកំពង់ដំរី៤នាក់ទៅតុលាការ
សមត្ថកិច្ច កំពុងកសាងសំណុំរឿងបញ្ជូនបុរស៤នាក់ដែលកំលាំងសមត្ថកិច្ចចម្រុះបាន ចាប់ខ្លួននៅក្នុងការបង្ក្រាបទ្រង់ទ្រាយធំមួយកាលពីថ្ងៃពុធម្សិលមិញ ក្នុងស្រុកឆ្លូង ខេត្តក្រចេះ។ កងកំលាំងប្រដាប់អាវុធរបស់រដ្ឋាភិបាលបានអះអាងថា ពួកគេត្រូវបង្ក្រាបក្រុមអាណាធិបតេយ្យចាប់យកដីរដ្ឋខុសច្បាប់។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកឧត្តមសេនីយឯក ខៀវ សុភ័គបានមានប្រសាសន៍នៅថ្ងៃនេះថា ក្រុមសមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនបុរស៤នាក់ដែល សមត្ថកិច្ចចាប់បាន ក្នុងការបង្ក្រាបការចាប់យកដីខុសច្បាប់នៅក្នុងឃុំ កំពង់ដំរី ខេត្តក្រចេះ កាលពីថ្ងៃពុធម្សិលមិញ។ ថ្លែងប្រាប់គេហទំព័រ «ថ្មី» នៅរសៀលថ្ងៃព្រហស្បតិ៍នេះ លោកឧត្តមសេនីយបានបញ្ជាក់យ៉ាងដូច្នេះ៖« យើងបាន៤នាក់។ ក្នុងចំណោមពួកគេនោះ មាន២នាក់ដែលជាអ្នកកាន់បារ៉ាស់មិនអោយសមត្ថកិច្ចចូលក្នុងតំបន់ អ្នកភូមិ ១នាក់ប្រើប្រាស់អាវុធកែច្នៃ និងម្នាក់ទៀតជាសកម្មជនពួកគេ»។ លោកខៀវ សុភ័គបានបន្តថា បុរសទាំង៤មិនមែនជាក្រុមអ្នកភូមិទេ តែជាក្រុមមេខ្លោង ដែលសមត្ថកិច្ចតាមចាប់ខ្លួន។
កងកំលាំងរដ្ឋាភិបាលបានចាត់ទុក មនុស្សមួយក្រុមដែលដឹកនាំដោយឈ្មោះ ប៊ុន រដ្ឋា ថាមានចេតនាបង្កើតអបគមន៍ផ្ទុយពីរដ្ឋធម្មនុញ្ញ តាមរយៈសកម្មភាពរបស់ពួកគេដូចជា ចាប់បុគ្គលិកយោធា ដឹកនាំបាតុកម្មបិទផ្លូវច្រើនលើក តាំងខ្លួនជាអាជ្ញាធរវាស់វែងបែងចែកដីអោយអ្នកភូមិជាដើម។ សកម្មភាពទាំងនេះដែលតម្រូវអោយរដ្ឋាភិបាលបញ្ចេញកំលាំងបង្ក្រាបកាលពី ថ្ងៃទី១៦ឧសភាម្សិលមិញ ហើយដែលបានធ្វើអោយក្មេងស្រីម្នាក់ស្លាប់។
ក្រសួងមហាផ្ទៃបានប្រកាសតាមចាប់ខ្លួនបុរស៥នាក់ទៀត ដែលក្នុងនោះក៏មានឈ្មោះ ប៊ុន រដ្ឋាដែលអាជ្ញាធរចាត់ទុកជាមេខ្លោង។
លោក ចាន់ សូវេត មន្ត្រីស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុកដែលបានទៅដល់ តំបន់មានបញ្ហានោះ បានថ្លែងប្រាប់អោយដឹងថា មន្ត្រីអង្គការសិទ្ធិមនុស្សមិនត្រូវបានអនុញ្ញាតអោយចូលក្នុងភូមិ ដែលសមត្ថិកិច្ចបានបង្ក្រាបនោះទេ។ ហើយថា តំបន់នេះត្រូវការពារយ៉ាងតឹងរឹងដោយកំលាំងយោធា។ លោកចាន់ សូវេតបញ្ជាក់ថា៖«ខាងសមត្ថកិច្ចប្រាប់យើងថា បញ្ជាថ្នាក់លើមិនអោយមានអ្នកណាចេញចូលទេ ដោយសារបញ្ហាអសន្តិសុខ។ គេអោយយើងរកកន្លែងមានសុវត្ថិភាព»។ បើតាមមន្ត្រីសិទ្ធិមនុស្សនេះដដែល ប្រជាជនដែលទើបទៅរស់នៅថ្មីថ្មោងនៅក្នុងឃុំកំពង់ដំរីដែល សមត្ថិកិច្ចបង្ក្រាបកាលពីថ្ងៃពុធនោះ បានរត់ចេញពីតំបន់នោះហើយ។ ដោយឡែក ប្រជាជនចាស់នៅទីនោះ ត្រូវបានកំលាំងប្រដាប់អាវុធឆែកឆេររាល់ពេលដែលពួកគេចេញចូល៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment