2012-05-17
អង្គការក្រៅរដ្ឋាភិបាល បានប្រតិកម្មចំពោះសកម្មភាពបង្ក្រាបពលរដ្ឋដែលមានជម្លោះដី នៅខេត្តក្រចេះ ដោយប្រើកម្លាំងប្រដាប់អាវុធ នៅថ្ងៃទី១៦ ខែឧសភា បណ្ដាលឲ្យស្លាប់ក្មេងស្រីម្នាក់នៅក្នុងហេតុការណ៍នោះ។ សង្គមស៊ីវិលបានហៅករណីបង្ក្រាបនេះថា ជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
មន្ត្រីសិទ្ធិមនុស្សបានសម្ដែងការសោកស្ដាយចំពោះរដ្ឋាភិបាល ដែលបានជ្រើសរើសនីតិវិធី ដើម្បីដោះស្រាយជម្លោះដីធ្លីដោយប្រើកម្លាំងប្រដាប់អាវុធ ជាជាងការដោះស្រាយតាមគោលការណ៍សន្តិវិធីដើម្បីបញ្ចៀសអំពើហិង្សាប្រដាប់អាវុធនោះ។
ប្រធានបច្ចេកទេសផ្នែកស៊ើបអង្កេតរបស់អង្គការលីកាដូ លោក អំ សំអាត ដែលកំពុងតាមដានសភាពជម្លោះដីធ្លីដ៏ចម្រូងចម្រាសនៅឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ មានប្រសាសន៍ថា ការតវ៉ារបស់ពលរដ្ឋនៅទីនោះមិនទាន់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងររហូតដល់ដំណាក់កាលប្រើកម្លាំងប្រដាប់អាវុធលើប្រជាពលរដ្ឋដែលទៅកាន់កាប់ដីធ្លីនៅតំបន់នោះទេ។
តែទោះយ៉ាងណា មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍បញ្ជាក់ប្រាប់នៅរសៀលថ្ងៃពុធ ទី១៦ ឧសភា ថា អ្នកដែលបង្កភាពអនាធិបតេយ្យ គឺមនុស្សមួយក្រុមដែលដឹកនាំដោយសមាជិកនៃសមាគមអ្នកប្រជាធិបតេយ្យឈ្មោះ ប៊ុន រដ្ឋា បានប្រព្រឹត្តល្មើសច្បាប់រដ្ឋធម្មនុញ្ញរបស់ជាតិ ហើយនិងច្បាប់នានាដែលកំពុងស្ថិតនៅជាធរមាន។
លោកបន្តថា ការប្រព្រឹត្តបទល្មើសនេះ សរុបមាន ៦ចំណុចធំៗ។ ទី១ បានតាំងខ្លួនធ្វើនាទីជំនួសអាជ្ញាធររដ្ឋ ដោយបានធ្វើការវាស់វែងដីធ្លីបែងចែកឲ្យប្រជាជនដែលខ្លួនបានបោកបញ្ឆោតឲ្យចូលជាសមាជិកសមាគមអ្នកប្រជាធិបតេយ្យ។ ទី២ បានរារាំងសមត្ថកិច្ចនគរបាល មិនឲ្យបំពេញតួនាទីក្នុងការចុះស្រង់ស្ថិតិប្រជាពលរដ្ឋដែលកំពុងស្នាក់នៅក្នុងមូលដ្ឋាន។ ទី៣ គឺបានចាប់ខ្លួនយោធា ២រូប បង្ខាំងទុក និងបានដកហូតយកអាវុធ ២ដើម ដោះយកគ្រាប់ចេញ។ ទី៤ ធ្លាប់បានដឹកនាំធ្វើបាតុកម្មខុសច្បាប់បិទផ្លូវជាតិជាច្រើនលើក ធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ ពិសេសផ្លូវធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ទី៥ ធ្ងន់ធ្ងរបំផុត គឺបានបង្កើតភូមិថ្មីមួយចំនួន ហើយប្រកាសរំសាយភូមិចាស់ នៅក្នុងឃុំកំពង់ដំរី ដែលបានបង្កើតដាក់បារាសឆែកឆេរ គំរាមកំហែងប្រជាពលរដ្ឋ និងវាយធ្វើបាបប្រជាពលរដ្ឋ ដែលមិនស្ដាប់តាមក្រុមរបស់ពួកគេ ហើយទី៦ បានគាបសង្កត់អ្នកដឹកនាំក្នុងភូមិ ឃុំ មិនឲ្យទាក់ទងជាមួយអាជ្ញាធរមានសមត្ថកិច្ច និងបង្ខាំងប្រជាពលរដ្ឋមិនឲ្យចេញពីតំបន់ដែលខ្លួនគ្រប់គ្រងនោះ។
លោក ខៀវ សភ័គ៖ «ដូច្នេះរាល់ទង្វើល្មើសច្បាប់ដែលពួកមេខ្លោងអនាធិបតេយ្យបាន និងកំពុងធ្វើនេះ គឺជាការប្រឆាំងនឹងតួនាទីរបស់រដ្ឋ។ តួនាទីនេះយើងដឹងហើយ អាជ្ញាធររដ្ឋកើតចេញពីការបោះឆ្នោតតាមគោលការណ៍ប្រជាធិបតេយ្យ។ ការប៉ុននេះ យើងវាយតម្លៃថា គឺជាការប៉ុនប៉ង ដើម្បីឈានទៅបង្កើតតំបន់អបគមន៍»។
ទាក់ទងនឹងបញ្ហានេះ វិទ្យុអាស៊ីសេរី ពុំទាន់អាចស្វែងរកការបំភ្លឺពីក្រុមលោក ប៊ុន រដ្ឋា និងប្រជាពលរដ្ឋដែលត្រូវរដ្ឋាភិបាលចោទប្រកាន់នោះបានទេ នៅរសៀលថ្ងៃពុធ ទី១៦ ខែឧសភា ឆ្នាំ២០១២ ដោយពួកគាត់មួយចំនួនកំពុងរត់គេចខ្លួនពីការតាមចាប់របស់សមត្ថកិច្ច និងមួយចំនួនទៀតត្រូវអាជ្ញាធរបានចាប់ឃុំខ្លួនហើយ។
លោក អំ សំអាត មានប្រសាសន៍ថា ការដាក់បន្ទុករបស់រដ្ឋាភិបាលលើប្រជាពលរដ្ឋទាំងនោះថា មានបំណងចង់បង្កើតតំបន់អបគមន៍នៅតំបន់នោះ ដែលជាមូលហេតុនាំឲ្យមានការបង្ក្រាបជាបន្ទាន់នេះ។ លោកសូមឲ្យរដ្ឋាភិបាលពិនិត្យឲ្យបានច្បាស់លាស់ និងស៊ីជម្រៅរវាងការបង្កើតតំបន់អបគមន៍ និងការតវ៉ាទាមទារសុំសិទ្ធិកាន់កាប់ដីស្របច្បាប់។
លោកបានពន្យល់ថា ការបង្កើតតំបន់អបគមន៍ និងការទន្ទ្រានកាន់កាប់ដីធ្លីគឺមានស្ថានភាពខុសគ្នា៖ «ហើយជម្រើសអបគមន៍វាទាល់តែការបង្កើតឡើងដើម្បីធ្វើបដិវត្តន៍ ឬប្រឆាំងរដ្ឋាភិបាល ផ្ដួលរដ្ឋាភិបាល ដោយកម្លាំងប្រដាប់អាវុធទើបត្រូវប្រើកងកម្លាំងប្រដាប់អាវុធដើម្បីទប់ស្កាត់ ដើម្បីបង្ក្រាបនៅក្នុងស្ថិរភាពសង្គម»។
មុននឹងមានការបង្ក្រាបពីកម្លាំងរដ្ឋាភិបាលនៅពេលនេះ ប្រជាពលរដ្ឋដែលមាននៅតំបន់កំពង់ដំរី ធ្លាប់ធ្វើការតវ៉ាទាមទាររកដំណោះស្រាយជម្លោះដីធ្លីនៅតំបន់នោះ រវាងប្រជាពលរដ្ឋប្រមាណមួយពាន់គ្រួសារជាមួយក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចមួយឈ្មោះ កាសូទីម (Kasotim Company) ដោយបានធ្វើការបិទផ្លូវជាតិលេខ ៧៣ ក្នុងស្រុកស្នូល ចំនួនពីរលើកកន្លងមកហើយ។ ប៉ុន្តែពុំទាន់មានដំណោះស្រាយណាមួយច្បាស់លាស់នោះទេ។
ទាក់ទងនឹងបញ្ហានេះដែរ អ្នកស្រាវជ្រាវផ្នែកអភិវឌ្ឍន៍សង្គម លោក កែម ឡី។ លោកមានប្រសាសន៍ថា ការរៀបចំរបស់ប្រជាពលរដ្ឋមិនជាការខុសច្បាប់អ្វីនោះទេ ពីព្រោះរដ្ឋាភិបាលក៏មានគោលនយោបាយឲ្យប្រជាពលរដ្ឋបង្កើតជាសហគមន៍ផ្សេងៗ ដូចជាសហគមន៍ជនជាតិដើមភាគតិច សហគមន៍ព្រៃឈើ សហគមន៍នេសាទជាដើម ដើម្បីការពារផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគាត់។
លោក កែម ឡី៖ «ក្នុងករណីដែលមិនមានភាពជឿជាក់ច្រើនអ៊ីចឹង គឺត្រូវយកយន្តការមួយមកជំនួស ដើម្បីដោះស្រាយបញ្ហា គឺយន្តការដែលគាត់បានត្រៀមទុករួចជាស្រេចហ្នឹង ទាក់ទងនឹងរបៀបបង្កើតសហគមន៍ ដើម្បីការពារផលប្រយោជន៍របស់ពួកគាត់ ហើយបើយើងគិតថា ការរៀបចំរបៀបនេះជាយន្តការ ឬចលនាថ្មីសម្រាប់ធ្វើអបគមន៍អ៊ីចឹង ខ្ញុំគិតថា ប្រហែលជាយើងមិនបានសិក្សាស៊ីជម្រៅ ហើយយើងមិនបានរកមូលហេតុច្បាស់លាស់ ហើយយើងតែភ័យខ្លាចចលនារបៀបនេះ ខ្ញុំគិតថា មិនសមស្របទេ»។
ឆ្លើយតបបញ្ហានេះ លោក ខៀវ សុភ័គ ពន្យល់ថា៖ «វាមិនមែនអ៊ីចឹងទេ ការធ្វើដូច្នេះធ្វើតាមផ្លូវច្បាប់បាន បើធ្វើដោយខុសច្បាប់អាជ្ញាធររដ្ឋ ក៏មានកាតព្វកិច្ច ដើម្បីបង្ខំចិត្តប្រើវិធានការច្បាប់ដើម្បីឆ្លើយតបដែរ»។
លោក កែម ឡី ពន្យល់ថា បញ្ហាដែលប្រជាពលរដ្ឋដែលមានវិបត្តិដីធ្លីនៅខេត្តក្រចេះ ធ្វើបែបនេះដោយសារពួកគាត់អស់ជំនឿលើស្ថាប័នផ្សេងៗ ដែលមានតួនាទីជួយដោះស្រាយជូនពួកគាត់ឲ្យទទួលបានយុត្តិធម៌។ ស្ថាប័នទាំងនោះមានដូចជា តុលាការ រដ្ឋាភិបាល អង្គទូតនានា ឬសង្គមស៊ីវិល ហើយមកដល់ដំណាក់កាលទីបី គឺគាត់ត្រូវពឹងលើខ្លួនឯង ដោយរួមគ្នាធ្វើសកម្មភាពផ្សេងៗ ដូចជាការបិទផ្លូវជាតិ បង្កើតសហគមន៍ រហូតមានការចោទប្រកាន់ពីរដ្ឋាភិបាលថា បង្កើតតំបន់អបគមន៍។
លោក កែម ឡី៖ «តាមការវិភាគរបស់ខ្ញុំ នឹងមានការកើតឡើងករណីរបៀបនេះច្រើនបន្តទៀត នៅពេលដែលប្រជាពលរដ្ឋអស់ជំនឿ ហើយរកដំណោះស្រាយដោយខ្លួនឯងជាមួយអាជ្ញាធរជាមួយនឹងអ្នកដែលត្រូវរំលោភយកដីធ្លីរបស់គាត់ ឬបញ្ហាសេវាសាធារណៈជាដើម»។
កាលពីឆ្នាំ២០០៥ រដ្ឋាភិបាលធ្លាប់បានបង្ក្រាបដោយប្រដាប់អាវុធ លើប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីនៅតំបន់ដំរីផុង តាកែនកោះសា្ល ស្រុកឈូក ខេត្ត ម្ដងរួចមកហើយ ដោយបានចាប់តំណាងប្រជាពលរដ្ឋមួយចំនួន ដាក់ពន្ធនាគារដោយចោទថា ពួកគាត់បានបង្កើតតំបន់អបគមន៍បង្កើតរដ្ឋក្នុងរដ្ឋ គឺស្រដៀងគ្នានឹងករណីដែលកើតមាននៅតំបន់ កំពង់ដំរី នៅខេត្តក្រចេះ នេះដែរ៕
No comments:
Post a Comment