ដោយ បូ សាវី និង អ៊ឹង ប៊ុនថន ថ្ងៃពុធ ទី16 ឧសភា ឆ្នាំ2012 ម៉ោង16:18
ដីព្រៃរនាម ជាច្រើនហិកតា នៅតំបន់បី ក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលរដ្ឋាភិបាលទុកសំរាប់ជាជំរកត្រីពងកូន និងជំរកសត្វគ្រប់ប្រភេទនោះ ត្រូវបានក្រុមហ៊ុនចំនួន៦ ឈូសឆាយយកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ដោយពុំមានការអនុញ្ញាតិ។
ប្រធានសហគមន៏សាមគ្គីឃុំកំពង់គោ លោក ទុយ យ៉ុង បា្រប់សំឡេងប្រជាធិបតេយ្យ VOD នៅថ្ងៃពុធនេះថា ក្រុមហ៊ុននោះ បានយកគ្រឿងចក្រ ចំនួន៦គ្រឿង ធ្វើការឈូសឆាយដីព្រៃរនាម ជាប់បឹងទន្លេសាបរាប់ពាន់ហិកតា យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ហើយជួលអោយប្រជាពលរដ្ឋមកពីខេត្ដផ្សេងធ្វើស្រែប្រាំង ដោយពុំមានច្បាប់ពីអាជ្ញាធរឡើយ។ លោកទុយ យ៉ុង អះអាងថា ដីព្រៃនោះជាតំបន់ដែលរដ្ឋាភិបាល កំណត់ថា ជាតំបន់អភិរក្ស សំរាប់ជំរកសត្វគ្រប់ប្រភេទ ៖ "ប្រមាណបីបួន ប្រាំប្រាំមួយម៉ែត្រ ប៉ិនដឹងម៉េចចេះក៏នៅតែគេបន្ត ការហាមឃាត់ហើយ ក៏នៅមានលួចឆ្លៀតឱកាសហ្នឹង ខ្ញុំដូចឆ្ងល់ដែរនៀក បំពានលើដីព្រៃយកធ្វើដីស្រែតែម្តង កម្មសិទ្ធិតែម្តង ពីរបីរយកហិកតា ប្រាំរយហិកតាអីម្នាក់ ហើយនិងជួលអោយប្រជាពលរដ្ឋឆ្ងាយស្រុក ឆ្ងាយខែត្រអីខ្លះមក បួនដប់ ម្ភៃហិកតាអីម្នាក់ៗទៅ ហើយខ្លះជួលស្រែអោយគេ ក្នុងស្រែមួយហិកតា គេប្រមាណ យកប្រហែល១០០ដុល្លារ"។
ប្រធានសហគមន៏រូបនេះ អះអាងថា ក្រុមហ៊ុនដែលបានរំលោភយក ដីព្រៃរនាម តំបន់អភិរក្សនោះ គឺមានក្រុមហ៊ុនអ៊ីវវណ្ណា ក្រុមហ៊ុនតាន់ហាវ ក្រុមហ៊ុនជីវឃួយ ក្រុមហ៊ុនប៉េងចន្ធី ក្រុមហ៊ុននឹមលិនី និងក្រុមហ៊ុនសុខមុន្នី។
នៅរសៀលថ្ងៃពុធនេះ សំឡេងប្រជាធិបតេយ្យ VOD មិនអាចទាក់ទងសុំការបំភ្លឺពីប្រធានក្រុមហ៊ុនទាំងនោះបានទេ។ ចំណែក មេឃុំកំពង់គោ លោកសាំង យឿន បដិសេធថា ពុំមានក្រុមហ៊ុនច្រើនធ្វើសកម្មភាព ដូចការលើកឡើងរបស់ប្រធានសហគមន៍នោះទេ។ ក៏ប៉ុន្ដែលោកទទួលស្គាល់ថា មានតែក្រុមហ៊ុនប៉េងចន្ធីមួយប៉ុណ្ណោះ ដែលឈូសឆាយលើដីរបស់គេ ហើយប៉ះពាល់ដល់ដីស្រែរបស់ប្រជាពលរដ្ឋ។ លោកបន្ដថា អភិបាលខេត្តកំពង់ធំ បានប្រកាសថា មិនអនុញ្ញាតិអោយក្រុមហ៊ុនមួយនេះគ្រប់គ្រងនៅតំបន់នោះទេ គឺទុកចែកជូនប្រជាជន ៖ "តាមព័ត៌មានមកអត់មានធ្វើនៅព្រៃទេ គេធ្វើដីវាលស្រែដែលប្រជាជនធ្លាប់ធ្វើរៀងរាល់ឆ្នាំហ្នឹង វាទៅធ្វើលើដីរបស់ប្រជាពលរដ្ឋ ដែលធ្វើកន្លងមក ដែលបងប្អូននៅខាងរលួសខ្លះ នៅខាងអូរកន្ទរ អូរសំបួរខ្លះ ដែលគាត់ធ្វើពីរហិកតា បីហិកតាហ្នឹងឯង ដល់ឥឡូវវាទៅឃាំង ទៅក្រវាត់យកមកវិញ"។
មន្ដ្រីគំរោងអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល ហៅកាត់ថា Fact ប្រចាំខេត្តកំពង់ធំ លោក សួង សុផាត មានប្រសាសន៏ថា ការកាប់បំផ្លាញព្រៃលិចទឹក យកដីជាកម្មសិទ្ធិ គឺធ្វើអោយបាត់បង់កន្លែង មច្ឆាជាតិពងកូន និងសត្វជាច្រើនប្រភេទទៀតដែលរស់នៅទីនោះ និងធ្វើអោយគ្រោះថា្នក់ដល់អ្នកនេសាទ នៅពេលមានរលកបោកខ្លាំង។ លោកបន្ដថា លោកមានការព្រួយបារម្ភ បើសិនរដ្ឋាភិបាលបើកអោយក្រុមហ៊ុនឈូសឆាយ រំលោភតំបន់ព្រៃអភិរក្ស មិនមានការទប់ស្កាត់ទេ និងធ្វើអោយបាត់បង់ព្រៃនិងខូចប្រព័ន្ធអេកូឡូស៊ី នៅក្នុងបឹងទន្លេសាបផងដែរ៕
No comments:
Post a Comment