Thursday, May 17, 2012

សមត្ថកិច្ច​​បញ្ជូន​​ក្រុម​​ចាប់​ដី​​ខុសច្បាប់​​នៅ​​កំពង់​​ដំរី​៤​នាក់​​ទៅ​​តុលាការ


សមត្ថកិច្ច ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​បុរស៤នាក់​ដែល​កំលាំង​សមត្ថកិច្ច​ចម្រុះ​បាន​ ចាប់ខ្លួន​នៅក្នុង​ការបង្ក្រាប​ទ្រង់ទ្រាយ​ធំ​មួយ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ ក្នុងស្រុក​ឆ្លូង ខេត្តក្រចេះ។ កងកំលាំងប្រដាប់អាវុធ​របស់​រដ្ឋាភិបាល​បាន​អះអាងថា ពួកគេ​ត្រូវ​បង្ក្រាប​ក្រុម​អាណាធិបតេយ្យ​ចាប់យក​ដី​រដ្ឋ​ខុសច្បាប់។



អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក​ឧ​ត្ត​ម​សេនីយ​ឯក ខៀវ សុភ័គ​បាន​មានប្រសាសន៍​នៅថ្ងៃនេះ​ថា ក្រុម​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​បុរស៤នាក់​ដែល​ សមត្ថកិច្ច​ចាប់បាន ក្នុងការ​បង្ក្រាប​ការចាប់យក​ដី​ខុសច្បាប់​នៅក្នុង​ឃុំ កំពង់​ដំរី ខេត្តក្រចេះ កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ។ ថ្លែងប្រាប់​គេហទំព័រ «ថ្មី» នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក​ឧ​ត្ត​ម​សេនីយ​បានបញ្ជាក់​យ៉ាង​ដូច្នេះ៖« យើង​បាន៤នាក់។ ក្នុងចំណោម​ពួកគេ​នោះ មាន២នាក់​ដែលជា​អ្នក​កាន់​បា​រ៉ា​ស់​មិនអោយ​សមត្ថកិច្ច​ចូលក្នុង​តំបន់​ អ្នកភូមិ ១នាក់​ប្រើប្រាស់​អាវុធ​កែច្នៃ និង​ម្នាក់ទៀត​ជា​សកម្មជន​ពួកគេ»។ លោក​ខៀវ សុភ័គ​បាន​បន្តថា បុរស​ទាំង៤មិនមែនជា​ក្រុម​អ្នកភូមិ​ទេ តែ​ជា​ក្រុម​មេខ្លោង ដែល​សមត្ថកិច្ច​តាម​ចាប់ខ្លួន។

កងកំលាំង​រដ្ឋាភិបាល​បានចាត់ទុក មនុស្ស​មួយក្រុម​ដែល​ដឹកនាំ​ដោយ​ឈ្មោះ ប៊ុន រដ្ឋា ថា​មាន​ចេតនា​បង្កើត​អបគមន៍​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ តាមរយៈ​សកម្មភាពរ​បស់​ពួកគេ​ដូចជា ចាប់​បុគ្គលិក​យោធា ដឹកនាំ​បាតុកម្ម​បិទផ្លូវ​ច្រើនលើក តាំងខ្លួន​ជា​អាជ្ញាធរ​វាស់វែង​បែងចែក​ដី​អោយ​អ្នកភូមិ​ជាដើម។ សកម្មភាព​ទាំងនេះ​ដែល​តម្រូវអោយរ​ដ្ឋា​ភិ​បាល​បញ្ចេញ​កំលាំង​បង្ក្រាប​កាលពី ​ថ្ងៃទី១៦ឧសភា​ម្សិលមិញ ហើយ​ដែល​បានធ្វើអោយ​ក្មេងស្រី​ម្នាក់​ស្លាប់។

ក្រសួងមហាផ្ទៃ​បានប្រកាស​តាម​ចាប់ខ្លួន​បុរស៥នាក់​ទៀត ដែល​ក្នុងនោះ​ក៏មាន​ឈ្មោះ ប៊ុន រដ្ឋា​ដែល​អាជ្ញាធរ​ចាត់ទុកជា​មេខ្លោង។
លោក ចាន់ សូ​វេត មន្ត្រី​ស៊ើបអង្កេត​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ដែល​បាន​ទៅដល់ តំបន់​មាន​បញ្ហា​នោះ បាន​ថ្លែងប្រាប់​អោយដឹងថា មន្ត្រី​អង្គការសិទ្ធិមនុស្ស​មិន​ត្រូវបាន​អនុញ្ញាតអោយ​ចូលក្នុង​ភូមិ ដែល​សម​ត្ថិ​កិច្ច​បាន​បង្ក្រាប​នោះទេ។ ហើយ​ថា តំបន់​នេះ​ត្រូវការពារ​យ៉ាង​តឹងរឹង​ដោយ​កំលាំងយោធា។ លោក​ចាន់ សូ​វេត​បញ្ជាក់ថា៖«ខាង​សមត្ថកិច្ច​ប្រាប់​យើង​ថា បញ្ជា​ថ្នាក់លើ​មិនអោយ​មាន​អ្នកណា​ចេញចូល​ទេ ដោយសារ​បញ្ហា​អសន្តិសុខ។ គេ​អោយ​យើង​រក​កន្លែង​មាន​សុវត្ថិភាព»។ បើតាម​មន្ត្រី​សិទ្ធិមនុស្ស​នេះ​ដដែល ប្រជាជន​ដែល​ទើប​ទៅ​រស់នៅ​ថ្មីថ្មោង​នៅក្នុង​ឃុំ​កំពង់​ដំរី​ដែល សម​ត្ថិ​កិច្ច​បង្ក្រាប​កាលពី​ថ្ងៃ​ពុធ​នោះ បាន​រត់​ចេញពី​តំបន់​នោះ​ហើយ។ ដោយឡែក ប្រជាជន​ចាស់​នៅ​ទីនោះ ត្រូវបាន​កំលាំងប្រដាប់អាវុធ​ឆែកឆេរ​រាល់​ពេលដែល​ពួកគេ​ចេញចូល៕

No comments:

Post a Comment