ប្រជាពលរដ្ឋនៅឃុំត្រយ៉ ស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី បានចោទអភិបាលរងស្រុកនេះថា បានធើ្វលិខិតក្លែងបន្លំយកដីរបស់ប្រជាពលរដ្ឋ ទំហំដី ២ពាន់ហិកតា ប្រគល់ឲ្យុទៅក្រុមហ៊ុនវៀតណាម បើទោះជាដីនោះ ត្រូវបានអភិបាលប្រគល់ឲ្យពលរដ្ឋរួចហើយក៏ដោយ។
លោក សេង សុខុម ជាពលរដ្ឋម្នាក់ក្នុងចំណោមនោះ ប្រាប់សំឡេងប្រជាធិបតេយ្យ VOD នៅព្រឹកថៃ្ងសុក្រនេះថា ប្រជាពលរដ្ឋប្រមាណជាង ១២៤គ្រួសារ ត្រូវលោកអភិបាលរងស្រុកកោះញ៉ែក ធើ្វលិខិតបដិសេធថា មិនមែនជាម្ចាស់ដីទំហំ ២ពាន់ហិកតា នៅឃុំត្រយ៉នោះទេ បើទោះជាលោកអភិបាលខេត្ត និងអភិបាលស្រុក ធ្លាប់បានធើ្វលិខិតទទួលស្គាល់ថា ពលរដ្ឋរស់នៅលើដីនេះអស់រយៈពេល ៣ឆ្នាំមកហើយក៏ដោយ តែនៅថ្ងៃទី១៧ ខែឧសភានេះ លោកអភិបាលរងស្រុក បែរជាធើ្វលិខិតបដិសេធទៅវិញ ៖ "ហើយដល់មកថ្ងៃម្សិលមិញនេះ គេធ្វើលិខិតបដិសេធប្រជាពលរដ្ឋទៅវិញ ឆ្ងល់កន្លែងហ្នឹងយើងគួរដោះស្រាយវិធីអីអោយ”។
មេឃុំត្រយ៉ លោក ពិល ដិត មិនអាចផ្តល់បទសំភាសន៍បានទេ នៅព្រឹកថ្ងៃសុក្រនេះ ព្រោះកំពុងធើ្វដំណើរ។
អភិបាលរងស្រុកកោះញ៉ែក លោកចាន់ យឿន ដែលរងការចោទប្រកាន់នោះ មានប្រសាសន៍ថា ដីនោះគឺជាដីរបស់រដ្ឋាភិបាលប្រគល់ឲ្យុក្រុមហ៊ុនវៀតណាម ធើ្វវិនិយោគដាំដំណាំកៅស៊ូ អស់រយៈពេលជិត២ឆ្នាំមកហើយ តាំងពីឆ្នាំ២០១០ ដែលមានទំហំដី ៣ម៉ឺនហិកតា ពោលគឺមិនមែន ២ពាន់ហិកតានោះទេ ៖ “មិនមែនទេ ដីហ្នឹងដីរបស់ក្រុមហ៊ុនតា រាជរដ្ឋាភិបាលផ្តល់ជូនដីក្រុមហ៊ុនហ្នឹង បីម៉ឺនហិកតាជាង មិនមែនពីរពាន់ទេ វិនិយោគគិតចូល២ឆ្នាំហើយ”។
មន្រ្តីសម្របសម្រួលសិទ្ធិមនុស្សរបស់សមាគមអាដហុក លោក គល់ មីឌី ពន្យល់ថា បើដីនោះត្រូវបានប្រគល់ឲ្យពលរដ្ឋរួចហើយ គឺមិនអាចយកទៅឲ្យក្រុមហ៊ុនវិនិយោគបានទេ។
ចំណែកអភិបាលខេត្តមណ្ឌលគីរី មិនអាចសុំការបំភ្លឺបានទេ។
បើតាមប្រជាពលរដ្ឋ គឺនៅពេលនេះពួកគាត់ត្រូវបានអភិបាលខេត្ត ផ្លាស់ទីលំនៅឲ្យមករស់នៅដី ២ពាន់ហិកតានោះ ប៉ុន្តែស្រាប់កាលពីថ្ងៃទី១៧ ខែឧសភាម្សិលមិញនេះ អភិបាលរងស្រុកកោះញ៉ែក ធើ្វលិខិតបដិសេធមិនទទួលស្គាល់ពលរដ្ឋទាំងនោះទៅវិញ៕
No comments:
Post a Comment