ថ្ងៃសៅរ៍ ទី05 ឧសភា ឆ្នាំ2012 ម៉ោង11:55

លោក ឈុត វុទ្ធី អតីតប្រធានអង្គការការពារធនធានធម្មជាតិ (រូបថត មុនីរតន៍)
នេះជាការអះអាងរបស់សមាជិកគណៈកម្មការស៊ើបអង្កេត និងជាអនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្រ្តីលោក ទិត សុធា នៅពេលសន្និសីទសារព័ត៌មាន នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១២ ស្តីពីលទ្ធផលការស៊ើបអង្កេតអំពីការស្លាប់របស់លោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ និងលោក អ៊ិន រតនា មន្ត្រីអាវុធហត្ថខេត្តកោះកុង។
លោក ទិត សុធា បានថ្លែងថា បន្ទាប់ពីអ្នកកាសែត ឌឹខេមបូឌាដេលី ពីរនាក់ និងលោក ឈុត វុទ្ធី បានធ្វើដំណើរឆ្លងពីខេត្តពោធិ៍សាត់ ចូលមកកាន់ខេត្តកោះកុង ពួកគេបានចូលទៅថតរូបនៅកន្លែងដេប៉ូមួយ របស់ក្រុមហ៊ុននៅទីនោះ។ ប៉ុន្តែសន្តិសុខនៅកន្លែងនោះ បានស្នើឲ្យលោក ឈុត វុទ្ធី លុបរូបភាពនោះចេញ តែលោកឈុត វុទ្ធី អត់ព្រម ហើយក៏មានការតាមឲ្យដកមេមម៉ូរីចេញ។ លោក ទិត សុធា អះអាងថា នៅពេលនោះ ប៉េអឹមម្នាក់ឈ្មោះ អ៊ិន រតនា បានមកដល់ ហើយ ឈុត វុទ្ធី បានជេរប្រមាថធ្ងន់ធ្ងរទៅលើ អ៊ិន រតនា ធ្វើឲ្យ អ៊ិន រតនា ដែលមានកាន់កាំភ្លើងអាកា បាញ់ទៅលើរថយន្ដរបស់ ឈុត វុទ្ធី ចំនួន២គ្រាប់ បណ្ដាលឲ្យស្លាប់។
ចំណែក ករណីស្លាប់របស់មន្រ្តីប៉េអឹមវិញ លោកទិត សុធា ឲ្យដឹងថា ក្រោយពី អ៊ិន រតនា បាញ់សម្លាប់លោក ឈុត វុទ្ធី រួច ភ្លាមនោះមានសន្តិសុខឈ្មោះ រ៉ាន់ បូរ័ត្ន បានទៅដណ្ដើមកាំភ្លើងពី អ៊ិន រតនា ហើយមានការប្រតាយប្រតប់គ្នា នាំឲ្យកាំភ្លើងបានរាលកៃ បណ្ដាលឲ្យត្រូវគ្រាប់កាំភ្លើងចំនួនពីរគ្រាប់លើ អ៊ិន រតនា បណ្តាលឲ្យស្លាប់ដែរ។
លោក ទិត សុធា បញ្ជាក់ថា “ហេតុផលពិតបានបញ្ជាក់ហើយថា ឈ្មោះ ឈុត វុទ្ធី ហ្នឹងត្រូវបានស្លាប់ ដោយឈ្មោះ អ៊ិន រតនា បាញ់រថយន្ត ហើយក៏ផ្លាតត្រូវ។ ដោយឡែកករណីស្លាប់ របស់ អ៊ិន រតនា ត្រូវបានកើតដោយស្ទុះទៅទាញ កញ្ឆក់កាំភ្លើងកុំឲ្យផ្ទុះតទៅទៀតហ្នឹង ដោយឈ្មោះ រ៉ាន់ បូរ័ត្នហ្នឹង”។
មន្រ្តីស៊ើបអង្កេតជាន់ខ្ពស់របស់អង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា លទ្ធផលនេះ នៅតែមានភាពស្រពិចស្រពិល។ លោកថា សង្គមស៊ីវិលនឹងចេញរបាយការណ៏ស៊ើបអង្កេតរបស់ខ្លួននៅពេលឆាប់ៗនេះ ដើម្បីផ្ទៀងផ្ទាត់នឹងរបាយការណ៏ស៊ើបអង្កេតរបស់រដ្ឋាភិបាល ដោយលោកសំអាងថា អ្វីដែលប៉េអឹមខេត្តកោះកុង អះអាងជាបឋមថា លោក អ៊ិន រតនា បាញ់សម្លាប់ខ្លួនឯងនោះ គឺខុសពីការពិតរួចទៅហើយ។
កាលពីថ្ងៃសុក្រ សាលាដំបូងខេត្តកោះកុង សម្រេចឃុំខ្លួនជនជាប់ចោទ ឈ្មោះ រ៉ាន់ បូរ័ត្ន ជាសន្តិសុខក្រុមហ៊ុនកាប់ឈើនៅក្នុងខេត្តនេះ ដោយចោទប្រកាន់ពីបទមនុស្សឃាតដោយអចេតនា ពាក់ព័ន្ធនឹងការបាញ់សម្លាប់សកម្មជនបរិស្ថាន និងមន្រ្តីកងរាជអាវុធហត្ថ។
បន្ទាប់ពីបាញ់សម្លាប់ លោក ឈុត វុទ្ធី និងមន្រ្តីប៉េអឹមនេះ អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ព្រមទាំងសហគមន៍អន្តរជាតិ ជាម្ចាស់ជំនួយ ដូចជា សហរដ្ឋអាមេរិក សហភាពអឺរ៉ុប បានចេញសេចក្តីថ្លែងការណ៍ សោកស្តាយកចំពោះការបាត់បង់សកម្មជនការពារធនធានធម្មជាតិរូបនោះ និងជំរុញឲ្យរដ្ឋាភិបាល វែកមុខឃាតករពិត និងអ្នកនៅពីក្រោយខ្នងមកផ្តន្ទាទោស៕
No comments:
Post a Comment