2012-05-06
ប្រជាពលរដ្ឋជាច្រើននៅឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានប្រតិកម្ម និងចោទប្រកាន់នាយប៉ុស្តិ៍ឃុំថា បានប្រព្រឹត្តអំពើពុករលួយ ដោយអនុញ្ញាតឲ្យវង់ល្បែងជាច្រើនវង់ នៅក្នុងឃុំនេះ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។
ប៉ុន្តែ នាយប៉ុស្តិ៍ឃុំរូបនេះបដិសេធថា ពុំមានការលេងល្បែងជាទ្រង់ទ្រាយធំទេនៅក្នុងឃុំអន្លង់ត្នោត។
ប្រជាពលរដ្ឋនៅភូមិកណ្ដាល ភូមិត្រពាំងស្វាយ និងភូមិផ្សារ (ចំណុចជុំវិញផ្សារក្រគរ) ក្នុងឃុំអន្លង់ត្នោត នៅថ្ងៃទី៦ ឧសភាបានចោទប្រកាន់នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអន្លង់ត្នោតថា បានអនុញ្ញាតឲ្យល្បែងជាច្រើនវង់ក្នុងឃុំនេះលេងយ៉ាងអនាធិបតេយ្យ។
បុរសអ្នកភូមិឈ្មោះ សិទ្ធ ជរ ជាគ្រូបង្រៀននៅសាលាឯកជនមួយក្នុងឃុំអន្លង់ត្នោត។ លោកបានឲ្យដឹងថា បច្ចុប្បន្ននេះ សន្តិសុខ និងសុវត្ថិភាពក្នុងឃុំអន្លង់ត្នោត មិនមានលក្ខណៈល្អទេ។ លោកបន្តថា ល្បែងវង់ធំចំនួ ន ៨ វង់ និងវង់តូចៗ ជាច្រើនវង់ទៀត កំពុងលេងយ៉ាងអនាធិបតេយ្យ ដោយមានការជួយការពារពីប៉ូលិសប៉ុស្តិ៍ឃុំ។
លោកថា មិត្តភ័ក្ដិលោក ដែលជាម្ចាស់វង់ល្បែងធំមួយ ក្នុងចំណោមវង់ល្បែងធំ ៨ វង់នោះ បានប្រាប់លោកថា គេបានបង់លុយឲ្យប៉ូលិសប៉ុស្តិ៍ឃុំជារៀងរាល់ថ្ងៃឲ្យតែថ្ងៃណា ដែលគេបើកលេងនោះ។
លោក សិទ្ធ ជរ៖ «មានក្មេងញៀនថ្នាំ មានអ្នកលេងល្បែងបៀភាគច្រើន ហើយពេលដែលពួកគាត់កំពុងលេង ខ្ញុំឃើញមានប៉ូលិសមកយកលុយពីពួកគាត់ រួចក៏ដើរចេញដោយពុំមានការចាប់ ឬហាមឃាត់អីទេ។ មួយទៀត បញ្ហាចោរកម្ម និងក្មេងស្ទាវលេងគ្រឿងញៀន គ្មាននរណាជួយបង្ក្រាបទេ...»។
បុរសអ្នកភូមិផ្សារម្នាក់ដែលសុំមិនឲ្យបញ្ចេញឈ្មោះ បានឲ្យដឹងបន្ថែមថា អំពើចោរកម្មបានកើតមានស្ទើររាល់យប់ក្មេងប្រើគ្រឿងញៀនបានធ្វើសកម្មភាពពេញទំហឹងតែអាជ្ញាធរប៉ូលិសធ្វើមិនដឹងបណ្ដាលឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសន្តិសុខក្នុងភូមិឃុំ និងក្នុងគ្រួសារផ្ទាល់។
សំឡេង៖ «ខ្ញុំសុំអង្វរឲ្យបិទល្បែងនឹងទៅ ព្រោះអីចោរវាកើតចេញពីរឿងចាញ់ល្បែងហ្នឹង។កន្លងទៅឃុំនេះទទួលបានប័ណ្ណសរសើរថា ជាភូមិឃុំមានសុវត្ថិភាព ខ្ញុំនឹកចង់ក្អួតឈាម។ភូមិឃុំមានសុវត្ថិភាពអី បើក្នុងឃុំសម្បូរណ៍ចោរ និងសម្បូរណ៍កន្លែងលេងល្បែងយ៉ាងនេះ។ ខ្ញុំចង់ឲ្យវិទ្យុអាស៊ីសេរីជួយផ្សាយឲ្យថ្នាក់លើដឹងរឿងនេះផង...»។
នាយប៉ុស្តិ៍ប៉ូលិសឃុំអន្លង់ត្នោត គឺលោក គាត គឹមឱក បានបដិសេធការចោទប្រកាន់របស់ប្រជាពលរដ្ឋទាំងនោះ ដោយលោកមានប្រសាសន៍ថា លោកពុំបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ។
ទោះជាយ៉ាងនេះក្ដី លោកទទួលស្គាល់ថា អាចមានការលេងល្បែងដោយលួចលាក់នៅទីតាំងមួយចំនួនដែល លោកកំពុងតាមស្រាវជ្រាវដើម្បីបំបាត់។
លោក គាត គឹមឱក៖ «វាមានបន្តិចបន្តួច ដែលយើងបង្ក្រាបមិនអស់។ មានតែអាតូចតាចទេ។ មិនមានល្បែងវង់ធំដូចគេថានោះទេ។ ឯរឿងគ្រឿងញៀនក៏មានដែរ តែយើងកំពុងតាមចាប់ភស្តុតាងជាក់ស្ដែងដើម្បីបង្ក្រាប...»។
យ៉ាងនេះក្ដី អធិការនគរបាលស្រុកក្រគរ គឺលោក ប៊ិន វណ្ណា មានប្រសាសន៍ថា បន្ទាប់ពីទទួលបានព័ត៌មាននេះ លោកនឹងចុះទៅពិនិត្យ ដើម្បីសម្រួលអារម្មណ៍ និងក្ដីកង្វល់របស់ប្រជាពលរដ្ឋឃុំអន្លង់ត្នោតក្នុងពេលឆាប់ៗ នេះ។
លោក ប៊ិន វណ្ណា៖ «កន្លងទៅមានយាយៗ គាត់លេងមែន តែយើងបានទៅប្រាប់ឲ្យឈប់អស់ហើយ។ ចំណែ កពួកអ្នកដែលឡើងពីទន្លេមកលេងនោះ យើងក៏ធ្លាប់បង្ក្រាបបានអស់ហើយ តែឥឡូវបើមានទៀតចាំមើលខ្ញុំនឹងចាត់ឲ្យស្រាវជ្រាវ និងបង្ក្រាបទៀត...»។
នៅរសៀលថ្ងៃទី ៦ ឧសភា អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីបានចុះទៅដល់ផ្ទះបើកលេងល្បែងមួយ នៅភូមិផ្សារ និងបានឃើញមានអ្នកលេងល្បែងជាច្រើននាក់កំពុងលេងយ៉ាងព្រងើយ ហាក់ពុំមានការភ័យខ្លាចចំពោះអាជ្ញាធរ ឬអ្នកដែលបានចូលទៅមើលពួកគេនោះឡើយ៕
No comments:
Post a Comment