Thursday, May 3, 2012

ពលរដ្ឋ​នៅ​ស្រុក​បន្ទាយ​ស្រី​ ចោទ​មន្រ្តី​រដ្ឋ​បាល​ព្រៃ​ឈើ​ថា ឈូស​រំលោភ​យក​ដី


ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួ​សារ នៅ​ក្នុង​ឃុំ​ឃុន​រាម ស្រុក​​បន្ទាយ​ស្រី ខេត្ត​​សៀម​​រាប​ ចោទ​មន្រ្តី​​រដ្ឋ​បាល​​ព្រៃ​ឈើ​​ខេត្ត​នេះ​ថា បាន​ឈូស​ឆាយ​រំលោភ​យក​ដី​ចំការ​និង​ដី​ស្រែ​ពួក​គេ​ ​ជា​ច្រើន​​ហិកតា កាល​ពី​ថ្ងៃ​​ទី​៣ ​ខែ​ឧសភា​នេះ។
អ្នក​ស្រី សុវណ្ណ​ សុម៉ាលី ប្រាប់​​សំឡេង​ប្រជាធិប​តេយ្យ VOD តាម​ទូរ​ស័ព្ទ​ថា ដី​ចំការ​របស់​គាត់​ទំហំ ៧៦​ហិកតា និង​៧៥អា ដែល​បាន​​ទិញ​ពី​ពលរដ្ឋ​ផ្សេង​ទៀត តាំង​ពី​​ឆ្នាំ​២០០៧ ​និង​​បាន​​ដាំ​ដើម​​ស្វាយ​ចន្ទី​​ចំនួន​១២០០​ដើម​ និង​​ដំណាំ​ស្រូវ​​មួយ​​​ចំនួន​ទៀត​ ជា​រៀង​រាល់​ឆ្នាំ​នោះ ត្រូវ​រដ្ឋបាល​ព្រៃ​ឈើ ឈូស​​ឆាយ​រំលោភ​​យក​អស់​​ប្រហែល​ចំនួន​១៥​ហិកតា។ អ្នក​ស្រី​បន្ដ​ទាំង​អួល​ដើម​កថា ដី​នៅ​កន្លែង​​នោះ​ត្រូវ​​មន្រ្តី​​រដ្ឋ​បាល​​ព្រៃ​ឈើ ទន្ទ្រាន​​​យក​​ទៅ​ដាំ​​កូ​ន​​​ឈើ ដោយ​មិន​ផ្តល់​​សំណង​ដល់​គាត់​ឡើយ ៖ "ឥឡូវ​នេះ​ស្នាម​មេដៃ​ប្រជាជន​ដែល​រង​ផល​ប៉ះ​ពាល់​ពី​ភូមិ​ខាង​លិច​​មក​ផង ពី​ខាងជើង​មក​ផង ​ដែល​ព្រឹក​មិញ​នាំ​គ្នា​ទៅ​អង្គការ​​លីកាដូ ​ជួយ​រក​យុត្តិធម៌​ហ្នឹង​គឺ​ចំនួន​៩៧​​គ្រួសាររួម​ទាំង​ខ្ញុំ​ផង ​ហើយ​គេ​បង្ខំ​ប្រជាជន​ខ្លះ​ ដែល​មិន​ទាន់​ដល់​ដក​ដំឡូង បង្ខំ​អោយ​ដក​អោយ​ហើយ ប្រញ៉ាប់​​រួស​​រ៉ាន់​​អោយ​​បាន​​លឿន​ទៀត​​ផង។ លោក​សួរ​ភ្លាម​ៗ​ចាំ​អត់​កើត​ម៉ង​វាហួស​និស្ស័យ​​​​"​។​
លោក វង្ស​ កុង ជា​ប្រជាពលរដ្ឋ​ម្នាក់​ទៀត អោយ​ដឹង​ថា ដី​គាត់​ចំនួន​៧ហិក​តា ដែល​បាន​​កាន់​​កាប់​​តាំង​ពី​ឆ្នាំ​១៩៨០​នោះ ត្រូវ​បាន​រដ្ឋាភិបាល​ដាក់​ចូល​ជា​ដី​សម្បទាន​សង្គម​កិច្ច។ ប៉ុន្តែ​លោក​ថា មន្រ្តី​រដ្ឋបាល​​ព្រៃ​ឈើ​ បាន​បញ្ជា​ឲ្យ​​​គេ ឈូស​ឆាយ​​ចូល​ដី​ស្រែ​គាត់​​នេះ ដោយ​មិន​បាន​ប្រាប់​ពួក​​គាត់​ទេ ហើយ​អាជ្ញាធរ បាន​​​​ប្រមូល​យក​​ឈ្មោះ​ម្ចាស់​ដី​ស្រែ​​និង​ចំការ​ ដើម្បី​ពិនិត្យ​មើល ប៉ុន្ដែ​មិន​បាន​ប្រគល់​លិខិត​កាន់​​កាប់​​ដី​​​នោះ​​ មក​ឲ្យព​លរដ្ឋ​​វិញ​ទេ។
ក៏ប៉ុន្តែ នាយ​រង​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​កន្ទួត​ខ្នារ​ក្រៅ​ លោក សេង លន មាន​​ប្រ​សាសន៏​ថា ដី​នោះ គឺ​ជា​ដីដែ​ល​រាជ​​រដ្ឋាភិបាល​កម្ពុជា​ ទុក​ដាំ​កូន​ឈើ​ក្រញូង​ចំនួន​៤២៨​ហិកតា សម្រាប់​ជា​ប្រវត្ដិ​​សាស្រ្ដ​នៅ​​កម្ពុជា។ លោក​បន្ដ​ថា អាជ្ញា​ធរ​បាន​ចេញសេ​ច​ក្ដី​​ជូន​ដំណឹង​ដល់​ម្ចាស់​ដី​ជាច្រើន​​លើក​​មក​​ហើយ ដោយ​​មិន​​ឲ្យ​​មាន​ការ​ទិញ-លក់​ដី​នៅ​តំបន់​នោះ តាំង​ពី​មុន​ឆ្នាំ​២០០៧ ៖ "គាត់​​ទៅ​លួច​កាប់​ដី​ព្រៃ​ឈើ របស់​​រដ្ឋ​បាល​​ព្រៃ​ឈើ​​របស់​រាជ​រដ្ឋាភិបាល​ តាំង​ទី​លំនៅ​ដោយ​ខុស​ច្បាប់ ហើយ​ការ​បង្ក្រាប​របស់​​ខ្ញុំ​ជូន​ដំណឹង ច្រើន​​​ដង​ហើយ រហូត​ចាប់​មេ​ខ្លោង​វា​ដាក់គុកទៀត​ផង​”​។​
ដោយ​ឡែក អភិបាល​ស្រុក​បន្ទាយ​ស្រី លោក ម៉ឹង វុទ្ធី លោក​អះ​អាង​ថា បញ្ហា​នេះ បាន​ដោះ​ស្រាយ​​រួច​រាល់​ ជាមួយ​​ពលរដ្ឋ​​ហើយ​ ៖ "​យើង​អត់​ដឹង​ផង ដូចជាដោះ​ស្រាយ​អស់​ហើយ​អត់​មា​នអី​ផង”​។​
ទោះយ៉ាងណា អ្នក​សម្រប​សម្រួល អង្គ​ការ​លីកាដូ​ ប្រចាំ​ខេត្ត​សៀម​រាប លោក នូវ ពុទ្ធិ មាន​ប្រសាសន៍​​ថា បើ​តាម​សេច​ក្ដី​ជូន​ដំណឹង លេខ​១៤៧ ចុះ​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១២​នេះ បាន​​អោយ​​ដឹង​ថា ប្រធាន​រដ្ឋ​បាល​​ព្រៃ​ឈើ​ស្នើសុំ​អោយ​ប្រជា​ជន​​ ប្រមូល​ផល​ដំណាំ​របស់​ខ្លួន​​អោយ​រួច​ក្នុង​រយៈ​​ពេល​ ១៥​ថ្ងៃ ដើម្បី​​រដ្ឋ​បាល​​ព្រៃ​ឈើ​ធ្វើ​ថ្នាល​ដាំកូន​ឈើ​រុក្ខ​ទិវា​នៅ​ថ្ងៃ​ទី៩ ខែ​កក្កដា ខាង​មុខ​នេះ។ លោក​បន្ដ​ថា ក្នុង​​នាម​​សង្គម​ស៊ី​វិល លោក​បាន​ស្នើ​អោយ​អាជ្ញាធរ​សម្រប​សម្រួល​ជាមួយ​នឹង​ប្រជា​ពលរដ្ឋ ព្រោះ​កន្លង​មក​មាន​រដ្ឋ​អំណាច​​មូល​ដ្ឋាន បា​ន​បង្ហាញ​ថា​ ​ដី​តំបន់​នោះ​មិន​មាន​បញ្ហា ទើប​ពួក​គេ​ហ៊ាន​ទិញ​ដីនោះ​ធ្វើ​ស្រែចំ​ការ​បែប​នេះ៕

No comments:

Post a Comment