ភ្នំពេញ៖ ចាប់តាំងពី ថ្ងៃទី១៨ខែឧសភាមក គណបក្សនយោបាយចំនួន១០ដែលគ្រោងនឹងចូលរួមការប្រកួតប្រជែងនៅ ថ្ងៃទី៣ខែមិថុនាខាងមុខនេះ បាននាំគ្នាដង្ហែក្បួនប្រកូកប្រកាសនៅតាមផ្លូវគ្រប់ទីកន្លែងដើម្បី ទាក់ទាញទឹកចិត្តអ្នកបោះឆ្នោត។ ប៉ុន្តែ អ្នកបោះឆ្នោតជាពិសេសយុវេជនមួយចំនួននិយាយថា ពួកគេមិនស្តាប់សារនយោបាយដែលប្រកាសដោយគណបក្សនោះទេពីព្រោះវាគ្មាន ប្រយោជន៍។
សំឡេងឃោសនាសារនយោបាយបានលាន់លឺរំពងពេញដងផ្លូវនៅទីក្រុងភ្នំពេញ និងនៅតាមបណ្តាខេត្តនានា។ គណបក្សខ្លះមិនត្រឹមតែ តែងលម្អររថយន្តនិងម៉ូតូដើម្បីទាក់ទាញចំណាប់អារម្មណ៍អ្នកបោះឆ្នោត ប៉ុណ្ណោះទេ។ ប៉ុន្តែពួកគេថែមទាំងបំពងសំឡេងប្រកាសសារនយោបាយតាមមេក្រូទៀតផង។ សារនយោបាយត្រូវបានគណបក្សនីមួយៗប្រកាសគ្រប់ទីកន្លែងប៉ុន្តែនៅពេលដែល គេសាកសួរអ្នកបោះឆ្នោតថា តើអស់លោកមានស្តាប់សារនយោបាយទាំងនោះឬទេ? អ្នកបោះឆ្នោតភាគច្រើននៅក្នុងបទសម្ភាសន៍បាននិយាយថា ពួកគេគ្មានចំណាប់អារម្មណ៍ទៅនឹងសារនយោបាយទាំងអស់នោះទេ។
លោក សុផល អាយុ២៣ឆ្នាំ ទើបរៀនចប់មហាវិទ្យាល័យគណិតវិទ្យានៅសាកលវិទ្យាល័យភ្នំពេញកាលពី ឆ្នាំមុនហើយឆ្នាំនេះត្រៀមប្រឡងចូលសាលាគរុកុសល្យបាននិយាយប្រាប់នៅ ថ្ងៃពុធទី២៣នេះថា លោកមិនមានចំណាប់អារម្មណ៍អ្វីទាំងអស់ទាក់ទងទៅនឹងការឃោសនា គណបក្សនយោបាយទេពីព្រោះវាមើលទៅហាក់បីដូចជាគ្មានប្រយោជន៍ទេ។ លោកបន្ថែមទាំងចំអកថា៖«ខ្ញុំមិនស្តាប់សារនយោបាយទេពីព្រោះខ្ញុំ មានគណបក្សដែលខ្ញុំស្រលាញ់ហើយ»។ លោក សុផល ដែលអនាគតក្លាយជាសាស្ត្រាចារ្យនោះ មានអារម្មណ៍ថា គណបក្សនយោបាយចេះតែឃោសនា ប៉ុន្តែ អ្នកបោះឆ្នោតភាគច្រើនមិនស្តាប់ទេ។ លោក ជី លាន បុគ្គលិក ក្រុមហ៊ុនមួយនៅទីក្រុងភ្នំពេញបាននិយាយថា ខ្លួនគេក៏មិនចាប់អារម្មណ៍នឹងការឃោសនាបោះឆ្នោតនោះដែរពីព្រោះវាគ្មាន ប្រយោជន៍សម្រាប់រូបគេ។ «អត់ស្តាប់។ នរណាជាប់ឆ្នោតជាប់ទៅ ខ្ញុំនៅតែជាបុគ្គលិកក្រុមហ៊ុនដដែល។ គ្មានប្រយោជន៍ទេការបោះឆ្នោតនោះ។ ខ្ញុំមិនទៅបោះឆ្នោតទេ»នេះជាការបញ្ជាក់របស់លោក ជី លាន។
កញ្ញា សុភា ម្នាក់ទៀតរៀនឆ្នាំទី១នៅមហាវិទ្យាល័យនៅទីក្រុងភ្នំពេញបាននិយាយ ស្រដៀងនឹងអ្នកផ្តល់បទសម្ភាសន៍ខាងលើដែរថា ខ្លួនគេមិនចង់ចាប់អារម្មណ៍នឹងសារនយោបាយទេពីព្រោះខ្លួនគេនៅកំពុង សិក្សា។ និស្សិតអាយុ១៨ឆ្នាំរូបនេះបានបន្ថែមទៀតថា៖«ខ្ញុំអត់យកអារម្មណ៍ខ្ញុំ ទៅស្តាប់សាររបស់អ្នកនយោបាយទេ។ តែព្រឹកមិញនេះ ខ្ញុំកំពុងបោសដីស្រាប់តែលឺ មេបក្សមួយ និយាយស្រែកដាក់មេក្រូសន្យាជាច្រើនចំនុចដូចជា៖ជួយរកការងារ អត់យកសេវាធ្វើឯកសារជាដើម»។ ទោះបីជាមិនមានចំណាប់អារម្មណ៍ក៏ដោយក្តី ក៏កញ្ញា សុភា គ្រោងនឹងទៅបោះឆ្នោតនៅខែមិថុនាខាងមុខនេះដែរ។ សូមបញ្ជាក់ថា ការបោះឆ្នោតឃុំសង្កាត់នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ខែមិថុនាខាងមុខនេះ។ ប្រជាជនខ្មែរដែលបានចុះឈ្មោះទៅបោះឆ្នោតមានចំនួនជាង៩លាននាក់។ គណបក្សនយោបាយចំនួន១០នឹងចូលរួមប្រកួតប្រជែងងដណ្តើមកាន់កាប់ឃុំសង្កាត់ ចំនួន ១៦៣៣៕
No comments:
Post a Comment