Friday, May 25, 2012

ក្រុម​អ្នកបញ្ជា​ទិញ​ពិភាក្សា​អំពី​ការផ្តល់​​អាហារ​​ដល់​​ក​ម្មករ


ក្រុម ​អ្នកបញ្ជា​ទិញ​ផលិតផល​វាយ​ន​ភណ្ឌ​កំពុង​ពិភាក្សាគ្នា​ជាមួយ​ក្រុម​ថៅកែ​ ដើម្បី​ស្វែងរក​លទ្ធភាព​ផ្តល់​អាហារ​ដល់ក​ម្មករ​ផ្ទាល់​តែម្តង ដើម្បី​បំប៉ន​សុខភាព​កម្មករ កម្មការិនី។ ការផ្តួចផ្តើម​ថ្មី​នេះ កើតឡើង​បន្ទាប់ពី​ហេតុការណ៍​នៃ​ការដួលសន្លប់​កម្មករ​យ៉ាងច្រើន​កាលពី​ ឆ្នាំមុន។



មូលហេតុ​មួយ​នៃ​ការដួលសន្លប់​របស់​ក​ម្មករ និង​កម្មការិនី​ត្រូវបាន​គេ​បន្ទោស​ទៅលើ​បញ្ហា​សុខភាព​របស់​កម្មករ។ កម្មករ កម្មការិនី​ដែលជា​ទូទៅ​មិនបាន​បរិភោគ​អាហារ​ត្រឹមត្រូវ​ដែល​អាច​ទ្រទ្រង់​ សុខភាព​របស់​ពួកគេ​ដើម្បី​ធ្វើការ​ឡើយ។

លោក​អាត់ ធន​ប្រធាន​សម្ព័ន្ធ​សហជីព​ស៊ី​ខៅ​ឌូ បាន​ថ្លែង​នៅក្នុង​ពិធី​ជួបជុំ​ជាមួយ​អ្នកសារព័ត៌មាន​កាលពី​ល្ងាច​ ថ្ងៃទី២៣ថា ក្រុម​អ្នកបញ្ជា​ទិញ ដែលជា​ក្រុមហ៊ុន​ម៉ាកល្បីៗកំពុង​ពិភាក្សា​ជាមួយ​ក្រុម​ថៅកែ​រោងចក្រ​ដើម្បី​ សម្រេច​អំពី​លទ្ធភាព​នៃ​ការផ្តល់​អាហារ​ដល់ក​ម្មករ​ផ្ទាល់​តែម្តង ចៀសវាង​កម្មករ​ស្វែងរក​អាហារ​ដែល​ខ្វះ​ជីវជាតិ​បរិភោគ​ខ្លួនឯង។ ការ​ពិភាក្សា​របស់​ក្នុង​អ្នក​បញ្ជាទិញ​ដែល បើតាម​លោក​អាត់ ធនដឹង គឺ​ត្រូវ​បាន​រៀបចំ​ធ្វើ​នៅ​ក្នុង​ទីក្រុង​ហុងកុង​ម្តង​ហើយ ហើយ​ការ​ពិភាក្សា​បន្ត​នឹង​អាច​​ធ្វើ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​នេះ​នៅ​ពេល​ ខាង​មុខ។

«ជាទូទៅ កម្មករ កម្មការិនី​គាត់​តែង​បរិភោគ​អាហារ​ដែលមាន​តម្លៃថោក ខ្វះ​ជីវជាតិ ដើម្បី​គាត់​អាច​សល់​ប្រាក់។ ដូច្នេះ ពួកគាត់​អត់​មាន​កំលាំង ឬ​សុខ​ភាពល្អ​ដើម្បី​ធ្វើ​ការងារ​នោះទេ។ សុខភាព​ខ្សោយ​នេះ ជា​មូលហេតុ​មួយ​ដែល​ធ្វើអោយ​កម្មករ​ដួលសន្លប់» នេះ​ជាការ​អះអាង​របស់លោក​អាត់ ធន។

បើតាម​លោក​អាត់ ធន កាលពី​ឆ្នាំ២០១១កន្លងទៅ មាន​កម្មករ កម្មការិនី​ជិត២០០០នាក់​បាន​ដួលសន្លប់ ហើយ​នៅ​ដើមឆ្នាំ២០១២នេះ ក៏មាន​កម្មករ៦០០នាក់​ដួលសន្លប់​រួចហើយ​ដែរ។

អាហារ​គឺជា​បញ្ហា​ធំ​មួយ​របស់​កម្មករ​ដែល​ត្រូវ​ដោះស្រាយ។ ក្នុងឱកាស​នៃ​ទិវា​ការងារ​អន្តរជាតិ​ឆ្នាំនេះ អង្គការ​ពលកម្ម​អន្តរជាតិ ILO បានធ្វើ​យុទ្ធនាការ​តាមរយៈ​ការសម្តែង​សិល្បៈ​អប់រំ​អោយ​កម្មករ កម្មការិនី​គិតគូរ​អំពី​ការបរិភោគ​អាហារ​ដែលមាន​គុណភាព៕

No comments:

Post a Comment