(អត្ថបទចុះផ្សាយនៅថ្ងៃ 29-05-2012, 8:51 am) | ដោយ ថ្មីៗ
ភ្នំពេញ៖ សហភាព អឺរ៉ុបបានត្រៀមថវិកា៤លានអឺរ៉ូ(ប្រហែល៥លានដុល្លារ)ដើម្បីគាំទ្រ ការផ្តួចផ្តើមគំនិតរបស់អង្គការក្រៅរដ្ឋាភិបាលក្នុងការគ្រប់គ្រង ធនធានធម្មជាតិ និងអភិវឌ្ឍន៍សង្គម។ អង្គការទាំងឡាយដែលធ្វើសកម្មភាពទាក់ទងបញ្ហានេះអាចដាក់ពាក្យសុំ ថវិកានេះមកប្រើប្រាស់បាន។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយដែលចេញផ្សាយកាលពីល្ងាចថ្ងៃចន្ទ ម្សិលមិញ ប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជាបានឲ្យដឹងថា ខ្លួននឹងផ្តល់ថវិកាចំនួន៤លានអឺរ៉ូ (ស្មើប្រមាណ៥ លានដុល្លារ) ដើម្បីគាំទ្រដល់គំនិតផ្តួចផ្តើមទាំងឡាយរបស់អង្គការមិនមែន រដ្ឋាភិបាលខាងផ្នែកគ្រប់គ្រងធម្មជាតិ និងអភិវឌ្ឍន៍សង្គមនៅកម្ពុជា។ ដើម្បីទទួលបានមូលនិធិនេះ អង្គការនានាអាចដាក់ពាក្យសុំដើម្បីអនុវត្តគម្រោងដែលខ្លួនគ្រោង ដំណើរការ។ សហភាពអឺរ៉ុបបានប្រកាសជូនដំណឹងអំពីបញ្ហានេះកាលពីខែមេសាម្តងរួចហើយ ដោយកំណត់កាលបរិច្ឆេទផុតកំណត់ត្រឹមថ្ងៃទី៩កក្កដា។
គម្រោងអាទិភាពដែលអាចសុំថវិកាបានមានដូចជា គម្រោងគ្រប់គ្រងធមធានធម្មជាតិប្រកបដោយនិរន្តរភាពដែលនឹងជំរុញឲ្យ មានការបង្កើនសមត្ថភាពរបស់ស្ថាប័នមិនមែនរដ្ឋាភិបាលក្នុងស្រុកឲ្យ ក្លាយជាដៃគូល្អប្រកបដោយសមត្ថភាព មានទំនួលខុសត្រូវខ្ពស់ និងមានសិទ្ធិអំណាចក្នុងការគ្រប់គ្រងធនធានទាំងនោះប្រកបដោយនិរន្តរភាព និងលើកកម្ពស់សេដ្ឋកិច្ចទ្រទ្រង់បរិស្ថាន។ និង គម្រោងអភិវឌ្ឍសង្គមដ៏ទូលូទូលាយដោយផ្តោតលើការផ្តល់សិទ្ធិអំណាចដល់ សហគមន៍ និងអង្គការនៅថ្នាក់មូលដ្ឋានក្នុងតំបន់ក្រីក្រ ដូចជាក្រុមដែលទទួលបានការយកចិត្តទុកដាក់តិចតួចជាពិសេសស្ត្រី និងយុវវជនឲ្យក្លាយជាដៃគូប្រកបដោយសមត្ថភាពមានទំនួលខុសត្រូវខ្ពស់ និងមានសិទ្ធិអំណាចក្នុងការអភិវឌ្ឍន៍ និងទទួលបានផលប្រយោជន៍ពីការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច៕
No comments:
Post a Comment