លោកប៊ុន ឆន អាយុ៥៨ឆ្នាំ ជាពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋ ៨នាក់ទៀត ដែលត្រូវសមត្ថកិច្ចចាប់ខ្លួន ពីបទបង្កើតតំបន់អបគមន៍នោះ កំពុងមានជំងឺធ្ងន់ និងមិនមានសុវត្ថិភាពទេ។ នេះបើតាមការបញ្ជាក់របស់កូនប្រុសរបស់គាត់។
លោក ប៊ុន ថាវ ជាប្អូនរបស់លោក ប៊ុន រដ្ឋា ដែលរដ្ឋាភិបាលចោទថា ជាមេក្លោងក្នុងការដឹកនាំពលរដ្ឋតវ៉ាជម្លោះដីធ្លីនោះ បានឲ្យដឹងនៅរសៀលថ្ងៃច័ន្ទនេះថា ឪពុករបស់គេឈ្មោះ ប៊ុន ឆន ដែលមានជំងឺប្រចាំកាយស្រាប់ ពេលនេះមិនមានសុវត្ថិភាព ដោយសារសមត្ថកិច្ចតាមចាប់ឃុំខ្លួន ៖ “រឿងដ៏សំខាន់គឺឪពុករបស់ខ្ញុំ គាត់អត់មានដឹងរឿងអីសោះ ត្រូវគេចោទដែរ ហើយគាត់ហ្នឹងអត់បានដឹងសកម្មភាពអីនៅភូមិប្រម៉ាហ្នឹងទេ គាត់ទើបតែទៅកន្លែងហ្នឹង បីថ្ងៃ ទៅហ្នឹងគឺទៅជួយធ្វើចំការប្អូនស្រីខ្ញុំទេ ហើយឥឡូវត្រូវគេចោទថាគាត់ហ្នឹងថាជាអ្នកចូលរួមគំនិតបង្កើតដែនអបគមន៍ដែរ តែគ្រាន់តែគាត់អត់សុវត្ថិភាពទេនៅស្រុកខ្មែរ តាមដំណឹងមកថាគាត់ហ្នឹងឈឺទៀតឥឡូវ”។
លោក ប៊ុន ថាវ បន្តថា ការចោទប្រកាន់របស់អាជ្ញាធរចំពោះក្រុមគ្រួសាររបស់គាត់ គឺមិនអាចទទួលយកបានទេ។ លោកថាបងប្រុសរបស់លោក គឺលោក ប៊ុន រដ្ឋា ពេលនេះ កំពុងស្ថិតក្នុងកន្លែងមានសុវត្ថិភាពមួយ ដោយមិនអាចចាប់ខ្លួនបានទេ ហើយលោកនឹងធ្វើសន្និសិទសារព័ត៌មានដើម្បីបំភ្លឺករណីនេះ ឲ្យរដ្ឋាភិបាលបានយល់ច្បាស់។
លោក ប៊ុន ថាវ សំណូមពរឲ្យរដ្ឋាភិបាលស៊ើបអង្កេតពីករណីនេះ ឲ្យបានច្បាស់លាស់ កុំគ្រាន់តែយកឡេះចាប់ពលរដ្ឋ ដើម្បីយកដីឲ្យក្រុមហ៊ុន។
ក៏ប៉ុន្តែ អភិបាលខេត្តក្រចេះ លោក ស ចំរ៉ុង អះអាងថា លោកមានភស្តុតាងគ្រប់គ្រាន់ ក្នុងការចោទប្រកាន់លោក ប៊ុន រដ្ឋា និងបក្សពួក។ លោកបន្តថា អាជ្ញាធរមូលដ្ឋានមិនបានលក់ដីឲ្យ លោក ប៊ុន រដ្ឋា ដូចការលើកឡើងនោះទេ ព្រោះដីនេះជាដីព្រៃស្រោងមិនមានជាប់ពាក់ព័ន្ធ និងដីរបស់ក្រុមហ៊ុនឡើយ ៖ “យើងមានសាក្សី និងឯកសារត្រឹមត្រូវ គាត់ចូលទៅហ្នឹង គាត់ដាក់ប៉ារាស់ គាត់បង្កើតសមាគម គាត់បង្ខំអោយគេចូលសមាគម គាត់រំលាយរដ្ឋអំណាចមូលដ្ឋានចោល គាត់បង្កើតមេភូមិខ្លួនគាត់ បង្កើតមេឃុំខ្លួនគាត់ ហើយគាត់ចាប់ប៉ុស្តិ៍រដ្ឋបាលហ្នឹង ហែកឯកសារចោល ហើយមានសាក្សី គាត់ចាប់ទាហានដកកាំភ្លើង មិនត្រឹមប៉ុណ្ណឹងគាត់ប្រកាស ឪពុកហ្នឹងថាគាត់បានមកទិញដីនៅតំបន់ហ្នឹង”។
បើតាមអភិបាលខេត្តដដែល មកដល់ពេលនេះ កំលាំងសមត្ថកិច្ចមួយចំនួនធំ បានដកចេញពីភូមិប្រមា ឃុំកំពង់ដំរីនោះហើយ។
មន្រ្តីសម្របសម្រួលសមាគមសិទ្ធិមនុស្សអាដហុក លោក ចាន់ សុវេត មានប្រសាសន៍ថា អាដហុក បានដាក់ពាក្យទៅតុលាការ ដើម្បីសុំការពារក្តីឲ្យក្រុមអ្នកភូមិទាំង៨នាក់ ដែលត្រូវបានគេចាប់ខ្លួននោះ ហើយលោកជម្រុញឲ្យអាជ្ញាធរគួរតែបញ្ឈប់ការគំរាមកំហែង ដល់ប្រជាពលរដ្ឋបន្តទៀត ៖ “ក្រុមហ៊ុនកាសូទីមហ្នឹង គិតទៅឃើញថា គេមានដីរាប់ម៉ឺនហិកតា អញ្ចឹងគ្រាន់តែដីដោះស្រាយសំរាប់អោយពលរដ្ឋ ដើម្បីរស់ ដើម្បីក្លាយទៅជាម្ចាស់ក្នុងការកាន់កាប់អាស័យ្រផលស្របច្បាប់ ហេតុអីក៏ធ្វើមិនបាននៅក្នុងរឿងប៉ុណ្ណឹង យើងជឿជាក់ថា រដ្ឋាភិបាលគួរតែបញ្ឈប់អាការប្រកាន់បក្ខពួកទៅ គួរតែនាំគ្នាគិតអំពីធ្វើយ៉ាងណាអោយប្រជាពលរដ្ឋស្ងប់សុខ ធ្វើយ៉ាងណាអោយប្រជាពលរដ្ឋជឿជាក់ ខ្ញុំជឿជាក់ថា សន្លឹកឆ្នោតដែលប្រជាពលរដ្ឋនឹងត្រូវបោះនៅពេលខាងមុខ នឹងទទួលបានជោគជ័យជាមិនខាន”។
កាលពីថ្ងៃទី១៦ ខែឧសភា សប្តាហ៏មុន មានទាហាន នគរបាល និងកងរាជអាវុធហត្ថ ប្រមាណ ២០០នាក់ អមដោយឧទ្ធម្ភាគចក្រ បានចូលទៅបង្រ្កាបពលរដ្ឋនៅក្នុងភូមិប្រមា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ធ្វើឲ្យក្មេងស្រីអាយុ ១៤ឆ្នាំម្នាក់ស្លាប់។ មន្រ្តីសិទ្ធិមនុស្ស ឲ្យដឹងថា អ្នកភូមិ៨នាក់ត្រូវបានចាប់បញ្ជូនទៅតុលាការ និងមួយចំនួនរងរបួស ខណៈអ្នកខ្លះរត់គេចខ្លួនពីការតាមចាប់របស់អាជ្ញាធរ។ អាជ្ញាធរខេត្តក្រចេះ ចោទថា ប្រជាពលរដ្ឋទាំងនោះ មានជាង៦០០គ្រួសារ មកពីខេត្តកំពង់ចាម និងព្រៃវែង ចូលចាប់ដីរដ្ឋ ប៉ុនប៉ងបង្កើតតំអបគមន៍៕
No comments:
Post a Comment