ដោយ អៀត ដារ៉ាវុធ
ថ្ងៃសុក្រ ទី18 ឧសភា ឆ្នាំ2012 ម៉ោង13:12

អាជ្ញាធរមិនអនុញ្ញាតិអោយក្រុមអង្កការសង្គមស៊ីវិល ចូលទៅកាន់ឃុំកំពង់ដំរី (រូបថត ពៅ មេត្តា)
ស្តាប់សម្លេង៖
ប៉ុន្តែសម្រាប់ អនុប្រធានផ្នែកស៊ើបអង្កេតនៃសមាគមសិទ្ធិមនុស្សអាដហុក លោក ចាន់ សុវ៉េត មានប្រសាសន៍ថា ប្រជាពលរដ្ឋ ដែលរដ្ឋាភិបាលចោទថា ប៉ុនប៉ងបង្កើតអបគមន៍នោះ មិនត្រឹមត្រូវទេ ដោយលោក ចាន់ សុវ៉េត ពន្យល់ថា ៖ “អបគមន៍ទាល់តែកន្លែងហ្នឹង គឺជាកន្លែងបង្កើតរចនាសម្ព័ន្ធកងទ័ព ប្រដាប់អាវុធ ហើយអ្នកហ្នឹងប្រឆាំងជាមួយនឹងរដ្ឋាភិបាលដាច់ខាត ហើយអ្នកហ្នឹងគឺប្រព្រឹត្តនូវអំពើដែលរំលោភច្បាប់ជាតិ ហើយពួកគេហ្នឹងធ្វើការ មានចេតនាចង់ផ្តួលរំលំរដ្ឋាភិបាលអីអញ្ចឹងជាដើម ប៉ុន្តែក្រុមពួក ប៊ុន រដ្ឋា មិនមែនអញ្ចឹងទេ គ្មានចេតនាទៅផ្តួលរំលំរដ្ឋាភិបាលទេ គ្មានចេតនាមួយណាទៅប្រឆាំងរដ្ឋាភិបាលទេ ហើយខ្ញុំគិតថា ពាក្យអបគមន៍នេះ វាដូចជានៅកន្លែងហ្នឹង វាអត់មានអាវុធយុទ្ធភ័ណ្ឌធំដុំទេ ឧទាហរណ៍អ្នកស្រុកអ្នកស្រែ គេធ្វើស្រែចំការ គេពឹងផ្អែកលើកាំបិទ ពូថៅ ចបកាប់ កាំបិទ ធ្នូស្នាហ្នឹងហើយ ដើម្បីចូលព្រៃបាញ់កណ្តុរ បាញ់ចាប បាញ់អីតិចតួច”។
សម្រាប់នាយកប្រតិបត្តិនៃអង្គការក្រុមអ្នកច្បាប់ការពារ សិទ្ធិកម្ពុជា លោកសុក សំអឿន បានពន្យល់ពីពាក្យអបគមន៍យ៉ាងដូច្នេះថា ៖ "ទីមួយ គេថាព្យាយាមគ្រប់គ្រងតំបន់មួយ ហើយទីពីរទៀត គឺប្រឆាំងនឹងរដ្ឋាភិបាល ហើយមានអាវុធមានអីអញ្ចឹងទៅ ដើម្បីប្រឆាំងជាមួយនឹងរដ្ឋាភិបាល តើពួកហ្នឹងគេប្រឆាំងនឹងរដ្ឋាភិបាលតែម្តង ឬក៏ប្រឆាំងនឹងអ្នកចង់ប្លន់ដីគេ ហើយគាត់ទាមទាររដ្ឋាភិបាលដោះស្រាយដែរអត់ បើសិនជាគាត់សុំអោយរដ្ឋាភិបាលដោះស្រាយ មិនមែនជារឿងអបគមន៍ប្រឆាំងនឹងរដ្ឋាភិបាលទេ ព្រោះអង្គហេតុហ្នឹងយ៉ាងម៉េច ខ្ញុំមិនដឹងទេ ក៏ប៉ុន្តែគ្រាន់តែអញ្ចេះ បើទោះបីជាយ៉ាងណាក៏ដោយ បើសិនជាមានរឿងបញ្ហារហូតដល់ប្រើកម្លាំងប្រើអីអញ្ចឹង អាហ្នឹងគួរតែរដ្ឋាភិបាលមុននឹងសម្រេចប្រើកម្លាំងគួរតែគិតដែរ ព្រោះអ្នកទាំងអស់នោះក៏ជាប្រជាជនខ្មែរដែរមិនអញ្ចឹង ហើយកាលណាយើងមានបញ្ហាអីកើតឡើង គួរតែប្រើការចរចា ប្រើតាមផ្លូវច្បាប់ទៅដោះស្រាយវិញល្អប្រសើរជាង”។
ជាមួយគ្នានេះ អ្នកវិភាគឯករាជ្យ លោកឡៅ ម៉ុងហៃ បានប្រៀបធៀបការបង្ក្រាបអ្នកភូមិរាប់រយគ្រួសារនៅភូមិប្រមា ខេត្តក្រចេះ កាលពីថ្ងៃពុធនោះថា ដូចជាការបង្ក្រាប អ្នកភូមិនៅស្រុកសំឡូត កាលពីទស្សវត្សឆ្នាំ១៩៦០ ដែរ ហើយថាការបង្ក្រាបនេះ គឺដើម្បីផលប្រយោជន៍របស់មនុស្សមួយតូចប៉ុណ្ណោះ។ ទោះជាយ៉ាងណា លោកឡៅ ម៉ុងហៃ បានចោទចាសំនួរថា តើកម្លាំងប្រដាប់អាវុធ ដែលប្រើនៅក្នុងការបង្ក្រាបប្រជាពលរដ្ឋនោះ មានសីលធម៌នៃការប្រើប្រាស់អាវុធដែរឬយ៉ាងណា? ៖ "ក៏ប៉ុន្តែយើងគួរចោទសួរគាត់ដែរ ព្រោះមានស្លាប់មនុស្ស ហើយគឺប្រើប្រាស់អាវុធ ហើយប្រើប្រាស់កងទ័ព តើក្នុងករណីអញ្ចឹង គឺការប្រើប្រាស់កងទ័ពវាត្រឹមត្រឹមទេ នគរបាលជាតិ និងកងរាជអាវុធហត្ថ តើអាចទៅបង្ក្រាបបានទេ ប្រសិនជាការចោទប្រកាន់នោះមានមូលដ្ឋានត្រឹមត្រូវ ព្រោះកងកំលាំងប្រដាប់អាវុធ កងទ័ពនេះ គឺគោលដៅនិងមុខនាទីគឺការពារប្រទេស ហើយទាល់តែស្ថានភាពនោះធ្ងន់ធ្ងរមែនទែន បានគេហៅរកកងទ័ពមកជួយ ព្រោះកងកំលាំងប្រដាប់អាវុធសំរាប់រក្សាសណ្តាប់ធ្នាប់សាធារណៈ និងអនុវត្តច្បាប់ក្នុងប្រទេស គឺមាន ហើយគឺថាប្រើប្រាស់អស់ឬនៅ”។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃពុធ កន្លងទៅ មានទាហាន នគរបាល និងកងរាជអាវុធហត្ថ ប្រមាណ ២០០នាក់ អមដោយឧទ្ធម្ភាគចក្រ បានចូលទៅក្នុងភូមិប្រមា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ដោយបានចាប់ខ្លួនអ្នកភូមិយ៉ាងតិច ៤នាក់ ហើយធ្វើឲ្យកុមារីអាយុ ១៤ឆ្នាំម្នាក់ស្លាប់ និងមនុស្សរងរបួសមួយចំនួន។ អាជ្ញាធរខេត្តក្រចេះ អះអាងថា ប្រជាពលរដ្ឋនៅទីនោះ មានជាង៦០០គ្រួសារ មកពីខេត្តកំពង់ចាម និងព្រៃវែង ប៉ុន្តែថា នៅពេលនេះ អ្នកទាំងនោះ ត្រូវបានចាប់បញ្ជូន ឲ្យត្រឡប់ទៅស្រុករបស់ពួកគេអស់វិញហើយ៕
No comments:
Post a Comment