Monday, June 10, 2013

កសិករ ដាក់ញត្តិទៅសភា ឲ្យជួយអន្តរាគមន៍ទម្លាក់ចោលចំណុចមួយចំនួនក្នុងច្បាប់ស្តីពីការគ្រប់គ្រង និងប្រើប្រាស់ដីកសិកម្ម



ពលរដ្ឋ និង​សកម្មជន​​ប្រមាណ​​ជា​​៦០០​​នាក់ មក​ពី​សហគមន៍​ផ្សេងៗ​គ្នាទូទាំង​​ប្រទេស នៅព្រឹក​ថ្ងៃ​​សុក្រទី ០៧ ខែមិថុនា ឆ្នាំ២០១៣ ​​នេះ ជួប​ជុំគ្នា​នៅ​ខាង​មុខ​រដ្ឋសភា ដើម្បី​​ដាក់​​ញត្តិជំរុញ​​ឲ្យ​​ស្ថា​ប័ន​​មួយ​​នេះជួយ​​អន្តរាគមន៍​​ទៅ​ក្រសួង​កសិកម្ម ទម្លាក់​​ចោល​​ចំណុច​​មួយ​ចំនួន ក្នុង​សេចក្តីព្រាង​ច្បាប់ ស្តីពី​ការ​គ្រប់​គ្រង និង​​ប្រើប្រាស់​​ដី​​កសិកម្ម​។​

​ក្រុមអ្នកតវ៉ា​​ទៅ​ដាក់​ញត្តិ​នៅ​រដ្ឋសភា​នេះ គឺ​ធ្វើ​ឡើង​​បន្ទាប់​ពី​​ពួកគេ​បាន​ដាក់​​ញត្តិ​​ទៅ​​ក្រសួង​​កសិកម្ម ដោយ​​មាន​​មន្ត្រី​​ក្រសួងចេញ​​មក​​ទទួល​ពីតំណាងកសិករដែលមកទាំង២៤ ខេត្ត/រាជធានី ។​

​ពួក​គេ​​លើក​ឡើង​ថា សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង និង​ប្រើ​ប្រាស់​​ដី​​កសិកម្ម នឹង​រឹតត្បិត​ចំពោះ​​ពួកគេ​។ ​អ្នកយក​ព័ត៌មាន​របស់​VOD អ្នក​នាង​​ថុល ស្រី​លក្ខណ៍ ដែល​​បាន​តាមដាន​ការតវ៉ា​នេះ ឲ្យដឹងថា រហូ​ត​មក​ដល់​​ពេលនេះ តំណាង​អ្នក​តវ៉ា​បីនាក់ ត្រូវបាន​អនុញ្ញាតឲ្យ​ចូល​ក្នុង​រដ្ឋសភា ដើម្បី​ដាក់​ញត្តិ​។​

​ការតវ៉ា​នេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់​ពួកគេ បាន​បើក​​សិក្ខាសាលា​ពិគ្រោះ​​យោបល់​​ថា្នក់​​ជាតិ របស់​​សមាគម​​បណ្តាញ​​សហគមន៍​កសិករ ស្តីពី កសិករ​​នៅ​តាម​មូលដ្ឋាន ប្រ​ឈម​មុខ​បាត់បង់​សិទ្ធ​ប្រើប្រាស់​​ដី​របស់​ខ្លួន កាលពី​ថ្ងៃ​ទី​០៦​ ខែមិថុនា ឆ្នាំ​២០១៣​។​

​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់​គ្រង និង​ប្រើប្រាស់​​ដី​​កសិកម្ម​​នេះ មាន​​១១​​ជំពូក និង​​៦២​​មាត្រា។ អង្គការ​សង្គម​ស៊ីវិល លើក​ឡើង​ថា ប្រសិន​បើ​​សេច​ក្តី​​ព្រាងច្បាប់​នេះ ត្រូវបាន​អនុម័ត លទ្ធ​ផល​​នឹង​​ធ្វើឲ្យ​​ប៉ះ​ពាល់​​ប្រជា​កសិករ​​ចំនួន ៨០​​ភាគរយ​។ សេច​ក្ដី​ព្រាង​ច្បាប់​​លើក​ទី​១ នឹង​គ្រោង​​ប្រកាស​ដាក់ឲ្យ​ប្រើប្រាស់​ក្នុង​ឆ្នាំ​២០១៤ ដែល​បាន​ចែង​ពី​ទោស​​បញ្ញត្តិ​ដល់​កម្ម​សិទ្ធិ ឬ​អ្នក​កាន់កាប់​ដីធ្លី​សម្រាប់​​ការ​ល្មើស ឬ​ខកខាន​ក្នុង​ការអនុវត្ត​​តាម​​បញ្ញត្តិ​​នៃ​​ច្បាប់​​នេះ នឹង​ត្រូវ​ប្រឈម​ជាប់ពន្ធនាគារ​ពី​១​ខែ​ទៅ​១​ឆ្នាំ និង​​ពិន័យ​ជា​ប្រាក់​​ចាប់ពី​១​លាន ដល់​​៥​លាន​រៀល​។​
​កាលពី​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១២ នៅក្នុង​សន្និសីទ​សារព័ត៌មាន​​មួយ ក្រុម​បណ្ដាញ​សហគមន៍​កសិករ ដែល​បណ្ដុំ​ទៅ​ដោយ​សមាគម​​ចំនួន​១៥ ធ្វើការ​លើ​វិស័យ​កសិ​កម្ម បាន​ប្រតិកម្ម ទៅ​នឹង​សេចក្ដីព្រាងច្បាប់ ស្តីពី​ការគ្រប់គ្រង និង​ប្រើ​ប្រាស់​ដី​កសិកម្ម​៕















No comments:

Post a Comment