Wednesday, June 20, 2012

សាលា​រាជធានី​​ការពារ​គម្រោង​អភិវឌ្ឍន៍​​ដោយ​​ចោទ​​ថា​បឹង​កក់​ជា​ជម្រក​ឧក្រិដ្ឋ​ជន ​និង​អសន្តិ​សុខ


bkl-village-khorn
តំបន់​បឹងកក់ (រូប​ថត ញឹម សុខន)
សាលា​​រាជធានី​​​​បាន​ការពារ​​ការ​​​អភិ​វឌ្ឍ​​បឹង​​កក់​​​ ដែល​នាំ​ឲ្យ​មាន​ការ​​បណ្តេញ​​ពល​រដ្ឋ​​ចេញ​នោះ ​ដោយ​​ហៅ​តំ​បន់​នោះ​ថា​ ​​​ជា​​ជម្រ​ក​ឧក្រិដ្ឋ​​កម្ម ​អសន្តិសុខ​ ភេរវកម្ម គ្រឿង​​​ញៀ​ន ​ពេស្យាចារ​។
នៅ​ក្នុង​អត្ថបទ​​ដែល​​ចេញ​​ផ្សាយ​​លើ​​គេហ​ទំ​ព័រ​​របស់​​​សាលា​រាជធានី​​ នៅ​​ថ្ងៃ​ទី​​១៩ ខែ​​មិថុនា ​​​ឆ្នាំ​​២០១២ ​​ស្តី​ពី​​ដំ​ណើរ​​ការ​​អភិវឌ្ឍន៍​​​ទី​តាំង​​​​បឹង​កក់​ ​សាលា​រាជ​ធានីភ្នំពេញ អះ​អាង​​​ថា​​ ​បឹងក​ក់​ជា​​ទី​តាំង​​​ដែល​​​មាន​ការ​ជួល​ស្នាក់​នៅ​ពី​សំណាក់​ប្រ​ជា​ពល​រដ្ឋ​គ្រប់​ប្រ​ភេទ​​ ធ្វើ​​ឲ្យ​​ប្រែ​ក្លាយ​​តំ​បន់​​នោះ​​ទៅ​ជា​​​​អសន្តិ​សុខ ជា​ជម្រក​​នៃ​​ឧក្រិដ្ឋ​​ជន​ ក្រុម​​បង​​តូច​​បង​ធំ ហើយ​​ធ្វើ​ឲ្យ​បាត់​បង់​ប្រពៃណី​​ទំ​នៀម​​ទំលាប់ ដោយ​​​មាន​​គ្រឿង​​​ញៀន ពេស្យាចារ ចោរ​កម្ម​​ និង​ជា​តំ​បន់​មាន​កេរ្តិ៍​ឈ្មោះ​​មិន​​ល្អ​​ ក្នុង​អា​រម្មណ៍​របស់​ប្រ​ជា​ពល​​រដ្ឋ​រស់​​​នៅ​​ទីក្រុង​។
ក៏​ប៉ុន្តែ ​​ប្រ​ជា​ពល​រដ្ឋ​តំ​ណាង​ភូមិ​១ លោក​ ចាន់​ ពុទ្ធិ​ស័ក្ត ប្រាប់​ VOD ថា​ការលើក​ឡើង​​នោះ​​ ជា​ការ​បង្ហាញ​ពី​អ​សមត្ថភាព​របស់​សាលារាជធានី​ ដោ​យ​សារ​តែ​មិន​មាន​លទ្ធ​ភាព​​ក្នុង​​ការ​​ដោះ​​ស្រាយ​​ជូន​​ប្រ​ជា​​​ពល​រដ្ឋ​​​​៖​ "​​​ ជា​ការ​លើក​ឡើង​អំពី​អសមត្ថ​ភាព​របស់​​​គាត់​ទេ ដោយ​ថា​គាត់​មិន​មាន​លទ្ធ​ភាព រក​ដំណោះ​ស្រាយ​ជូន​ប្រ​ជា​ពលរដ្ឋ​ ព្យាយាម​យក​ប្រ​ជា​ពលរដ្ឋ​ជា​សត្រូវ​ ចោទ​ប្រ​ជា​ជន​ពី​នេះ​ ពី​នោះ”។
ស្តាប់សម្លេង៖  
​យ៉ាង​ណា​ក៏​ដោយ សាលារាជធានីភ្នំពេញ​​ បន្តចោទ​ថា​​​​ ​អង្គការ​ក្រៅរដ្ឋា​ភិបាល​ ជន​​បរទេស និង​ជន​​ជ្រុល​និយម​មួយ​ក្តាប់​តូច​ដែល​​និយម​គាំ​ទ្រ​សិទ្ធិ​មនុស្ស​​​​ថា​​មាន​ទម្លាប់​ចោទ​​ប្រ​កាន់​រដ្ឋាភិ​បាល និង​សា​លារាជ​ធានី​ ពី​បទ​រំ​លោភ​សិទ្ធិ​មនុស្ស​​ ដោយ​មិន​បាន​ខិត​ខំ​​ប្រឹង​​ប្រែង ​​ក្នុង​​ការ​​ស៊ើប​​អង្កេត​​ស្វែង​​​រក​​ការ​​​ពិត​។​
បទ​វិចារណកថា​​​ដដែលនេះ ​បន្ត​ថា​​ ​មានក្រុម​មនុស្ស​មួយ​ក្តាប់​តូច​នោះ​​ បា​ន​ដឹក​នាំ​អ្នក​បឹង​កក់​ដែល​​នៅ​ក្នុង​ពន្ធ​នាគារ​​ទាំង​ ​១៣​​​នាក់​ ឲ្យ​​​ដើរ​​​ផ្លូវ​​​ខុស​អស់​រយៈ​ពេលជា​យូរ​មក​ហើយ​​ ដោយ​ពួក​គេ​បាន​បន្ត​ប្រ​ឆាំង​នឹង​​​រដ្ឋាភិបាល និង​សាលារាជធានី​។​
ក៏ប៉ុន្តែ អនុប្រធានផ្នែកស៊ើបអង្កេត​នៃសមាគម​ការ​ពារ​​សិទ្ធិមនុស្ស​អាដ​ហុក លោក ​ចាន់ ​សុវេត​ មាន​ប្រ​សាសន៍​ថា ចំ​ពោះ​ការ​ចោទ​ប្រ​កាន់​នេះ​លោក​មិន​អាច​ទទួល​យក​​បាន​ទេ​​ ព្រោះ​ថា​ការ​រាល់​ការ​ឃ្លាំ​មើល​និង​ជ្រោម​ជ្រែង​​​ពេល​ដែល​ប្រ​ជា​ពល​រដ្ឋ​ចេញ​មុខ​​​តវ៉ា​​ គឺ​​ដោយ​​សារ​​តែ​​ជា​ការ​ការពារ​សិទ្ធិ​​មនុស្ស​ ​គាំ​ទ្រ​​​ឲ្យ​​​មាន​​​ការ​​​​​អនុវត្ត​ផ្លូវ​ច្បាប់ លើក​ទឹក​​​ចិត្ត​​ប្រ​ជា​​ពល​រ​ដ្ឋ​​ឲ្យ​​ប្រើ​​ប្រាស់​​សិទ្ធិ​​សេរី​​ភាព​ ​និង​ផ្តល់​នូវ​លទ្ធ​ភាព​​​មួយ​ចំ​នួន​ ក្នុង​​លក្ខ​ខណ្ឌ​​​លើក​​ស្ទួយ​លទ្ធិ​ប្រ​ជា​ធិប​តេយ្យ​ និង​ការ​អភិ​វឌ្ឍ​សិទ្ធិ​មនុស្ស​ក្នុង​ប្រ​ទស​ ៖”រង​ការ​ចាត់​ទុក​សង្គម​ស៊ីវិល ថា​ជា​​អ្នក​ញុះ​ញង់ ឬ​ក៏​អ្នក​នៅ​ពី​ក្រោយ​ខ្នងប្រ​ជា​ពលរដ្ឋ​អ្នក​ភូមិ​បឹង​កក់​ ខ្ញុំ​​មិន​ទាន់​អាច​ទទួល​យក​បាន​ទេ ដោយ​សារ​កន្លង​ផុត​មក សង្គម​ស៊ីវិល​មិន​មែន​ជា​​អ្នក​ញុះ​ញង់​ទេ​ សង្គម​ស៊ីល​ផ្តល់​នូវ​លទ្ធ​ភាព ក្នុង​លក្ខ​ខណ្ឌលើក​ស្ទួយ​លទ្ធិ​ប្រ​ជា​ធិបតេយ្យ​ និង​ការ​អភិវឌ្ឍ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រ​ទេស”។
មន្ត្រី​​ផ្នែក​ស៊ើប​អង្កេត​របស់​អង្គ​ការ​ការ​ពារ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា​ មូល​ហេតុ​នោះ​​គ្រាន់​​តែ​ជា​លេស​មួយ​​របស់​​សាលារាជ​ធានី ដើម្បី​​​ផ្តល់​តំ​បន់​បឹង​កក់​​​ធ្វើ​ការ​​​អភិ​វឌ្ឍ​​ប៉ុណ្ណោះ​។​ លោក​បន្ត​ថា ​​​ប្រសិន​បើ​ប្រ​ជា​ពល​រដ្ឋ​មាន​ប័ណ្ណ​គ្រួសារ​ លិខិត​ស្នាម​ត្រឹម​ត្រូវ​នោះ​រដ្ឋ​ត្រូវ​តែ​​ចេញ​ជា​សំ​ណង​​ប្រ​កប​ដោយ​តម្លា​ភាព និង​យុត្តិ​​ធម៌​​ជូន​ពួក​គាត់​​ ៖" ជា​លេស​មួយ​របស់​សាលា​រាជ​ធានី​ភ្នំ​ពេញ ទោះបី​ជា​ប្រ​ជា​ពលរដ្ឋ​គាត់​ទៅ​រស់​នៅ​លើ​ដី​សាធារណៈ របស់​រដ្ឋ​ក៏​ដោយ​ ក៏​មាន​លិខិតស្នាម​ទទួល​ស្គាល់​ត្រឹម​ត្រូវ អញ្ចឹង​​ពេល​ដែល​មាន​ការ​អភិវឌ្ឍ ត្រូវ​តែ​មាន​ការ​ដោះ​ស្រាយ​ ដែល​ប្រ​កប​ដោយ​តម្លា​​ភាព និង​តម្លា​ភាព សំរាប់​ប្រ​ជា​ពលរដ្ឋ”។
គួរ​បញ្ជាក់​ថា​ តំ​បន់​បឹង​កក់​ ត្រូវ​​​បាន​ចាក់​បំ​ពេញ​ដោយ​​ខ្សាច់​ចាប់​តាំង​​ពី​​ឆ្នាំ​​២០០៧​ ក្រោម​​រូបភាព​អភិវឌ្ឍន៍​របស់ក្រុម​ហ៊ុន​ស៊ូកាគូអ៊ីន ​រយៈពេល​៩៩ឆ្នាំ ក្នុង​ទឹក​ប្រាក់ប្រមាណ ​៧០​លាន​​​ដុល្លារ​​។​ ការអភិ​វឌ្ឍ​​ដីជាង​១០០​ហិកតា​​នេះ​ បានប៉ះពាល់​ប្រជា​ជនប្រហែល​ ៤០០០​​គ្រួសារ ​ដែល​​​ត្រូវ​បណ្តេញ​ចេញ ជា​ថ្នូរ​នឹង​​​សំណង​​ដែល​​ពល​រដ្ឋ អះអាងថា មិន​សម​​រម្យ​​តាម​​តម្លៃ​​ទីផ្សារ។ ដោយសារ​ការមិន​ព្រម​​ទទួល​​គោលការណ៍​នេះ បាន​ធ្វើ​​ឲ្យ​ស្រ្តី​អ្នក​បឹង​កក់​​​ចំ​នួន​​១៣​​នាក់ ត្រូវ​តុលាការ​ចាប់​ដាក់​​ពន្ធ​នាគារ​​៕

No comments:

Post a Comment