ញាត្តិ
យើងខ្ញុំទាំងអស់គ្នាជាយុវជន សមាគម និងប្រជាសហគមន៍នានាក្នុងព្រះរាជាណាចក្រកម្ពុជា ដែលធ្វើការងារលើវិស័យព្រៃឈើ បរិស្ថាន ទំនប់វារីអគ្គីសនី
និងធនធាធម្មជាតិ។
សូមគោរពចូលមក
សម្តេចអគ្គមហាពញាចក្រី ហេងសំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា
សូមមេត្តាជ្រាប ។
កម្មវត្ថុៈ សុំអន្តរាគមន៍ដើម្បីបញ្ឈប់ការកាប់បំផ្លាញព្រៃឈើ
និងស្នើឱ្យរាជរដ្ឋាភិបាលអនុវត្តតាម បទបញ្ជាលេខ០១របស់នាយករដ្ឋមន្រ្តី និងច្បាប់ពាក់ព័ន្ធរបស់ព្រះរាជាណាចក្រកម្ពុជា
យោងៈ - ច្បាប់ស្តីពី ការបង្កើតក្រសួងបរិស្ថាន ចុះថ្ងៃទី ២៤ ខែមករា ឆ្នាំ១៩៩៦
-ច្បាប់ភូមិបាលឆ្នាំ២០០១
- ច្បាប់ ស្តីការបង្កើតក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ចុះថ្ងៃទី ២៤ ខែមករា ឆ្នាំ១៩៩៦
- ច្បាប់ស្តីពី កិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ចុះថ្ងៃទី ២៤
ខែធ្នូ ឆ្នាំ១៩៩៦
- ច្បាប់ស្តីពី ព្រៃឈើឆ្នាំ២០០២
-
បទបញ្ជារលេខ ០១
ស្តីពីការបញ្ឈប់ការផ្តល់ដីសម្បទានសេដ្ឋកិច្ច ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១២
តបតាមកម្មវត្ថុ
និងយោងខាងលើ យើងខ្ញុំសូមអនុញ្ញាតជម្រាបជូនសម្តេចមេត្តាជ្រាបថា រយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាយើងបានរងនូវផលប៉ះពាល់យ៉ាងខ្លាំងផ្នែកបរិស្ថាន
ដូចជា ការប្រែប្រួលអាកាសធាតុ ការកើនឡើងនូវរលកកំដៅ ទឹកជំនន់ ខ្យល់ព្យុះ និងការបាត់បង់នូវ
ធនធានជីវៈចំរុះទាំងលើដី និងក្នុងទឹកដែលបណ្តាលមកពីការបាត់បង់ព្រៃឈើ និងការរេចរិលព្រៃឈើ ព្រមទាំងការបាត់បង់ធនធានធម្មជាតិ គឺជាបញ្ហាប្រឈមមួយយ៉ាងសំខាន់ចំពោះប្រជាពលរដ្ឋខ្មែរ។ការកាប់បំផ្លាញព្រៃឈើយ៉ាងអណាធិបតេយ្យពីសំណាក់អ្នកមានលុយ
មានអំណាចមួយចំនួនកំពុងតែធ្វើចរាចរជារៀងរាល់ថ្ងៃគ្មានការទប់ស្កាត់ ការផ្តល់ដីសម្បទានសេដ្ឋកិច្ច សម្បទានរ៉ែ ការសាងសង់ទំនប់វារីអគ្គិសនីក៏កំពុងតែធ្វើឲ្យអន្តរាយដល់ព្រៃឈើធម្មជាតិយ៉ាងខ្លាំង
និងបានធ្វើឲ្យគំរបព្រៃឈើត្រូវថយចុះយ៉ាងខ្លាំង។ ដោយសារឥទ្ធិពលអវិជ្ជមានពីការប្រែប្រួលអាកាសធាតុ ដូចជា៖ កំណើនសីតុណ្ហភាពកើនឡើង ការផ្លាស់ប្តូររបបទឹកភ្លៀង ទឹកជំនន់ និងភាពរាំងស្ងួត ការបាត់បង់នូវប្រព័ន្ធជីវៈចំរុះទាំងក្នុងទឹក និងលើដី កើតមានកាន់តែញឹកញាប់និងកាន់តែធ្ងន់ធ្ងរ។
ហើយនិងបញ្ហាជាច្រើនទៀតកំពុងកើតឡើងជាបន្តបន្ទាប់។
ហើយបញ្ហាទាំងអស់នេះវាបានធ្វើឱ្យប៉ះពាល់ដល់ស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដូចជា៖ ជីវភាព ការប្រកបរបរ ចិញ្ចឹម ជីវិត ហើយបញ្ហាដែលសំខាន់នោះគឺ បញ្ហាសុខភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋដែលបណ្តាល មកពីការបាតុភូតធម្មជាតិ ដែលយើងមិនអាចទប់ស្កាត់បាន
និងមិនអាចព្យាករណ៍បាន។ ករណីជាក់ស្តែងដូចជា កាលពីឆ្នាំ២០១១ កន្លងទៅ ប្រជាជនកម្ពុជាបានទទួលរងគ្រោះពីគ្រោះទឹកជំនន់ដែលសំលាប់ប្រជាពលរដ្ឋចំនួន ២៤៧នាក់ និងរងរបួសចំនួន
២០នាក់ បានបំផ្លាញដំណាំកសិកម្មអស់ចំនួន ២៣២,៣៧៧ ហិកតា។ ទឹកជំនន់នេះបានប៉ះពាល់ដល់ខេត្តចំនួន១៨ ក្នុងចំនោម ២៤ខេត្ត ក្រុង។
ខេត្តកំពង់ធំបានរងផលប៉ះពាល់ចំនួន ៥៤,៤១៤ គ្រួសារ
សំលាប់មនុស្សអស់ ៤១នាក់។
ដូច្នេះប្រសិនបើរាជរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធ
និងស្ថាប័នតំណាងរាស្ត្រមិនយកចិត្តទុកដាក់ និងធ្វើការដោះស្រាយ
បញ្ហាការកាប់បំផ្លាញព្រៃឈើនេះឱ្យទាន់ពេលវេលាប្រកបដោយប្រសិទ្ធិភាពទេ ព្រៃឈើ និងធនធានធម្មជាតិដ៏មានតម្លៃ
របស់កម្ពុជាពិតជានឹងត្រូវវិនាស ហើយនឹងមានផលប៉ះពាល់បរិស្ថានកាន់តែធ្ងន់ធ្ងរទៅៗ ជាងនេះទៀតនោះវាក៏ធ្វើឱ្យមានការប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ
ជាពិសេសជនជាតិដើមភាគតិច និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិរបស់ប្រទេសទាំងមូល។
យើងខ្ញុំទាំងអស់គ្នាជាយុវជន ប្រជាពលរដ្ឋសហគមន៍
សកម្មជនការពារព្រៃឈើសូមទាមទារ ឱ្យរាជរដ្ឋាភិបាលកម្ពុជាចាត់វិធានការតាមផ្លូវច្បាប់ ឱ្យមានប្រសិទ្ធិភាពក្នុងការការពារព្រៃឈើ និងធនធានធម្មជាតិ
និងបង្កើតគោលនយោបាយដើម្បីការពារបរិស្ថានឱ្យមាននិរន្តរភាព។
សំណូមពរ
- សូមឱ្យរាជរដ្ឋាភិបាលបញ្ឈប់រាល់បទល្មើសព្រៃឈើដែលកំពុងកើតមាន
- គ្រប់គ្រង់ការប្រើប្រាស់ធនធានធម្មជាតិឲ្យមានតម្លាភាព
និងគណនេយ្យភាពឱ្យមាន
ការវាយតម្លៃផលប៉ះពាលត្រឹមត្រូវ
- ជុំរុញឲ្យអាជ្ញាធរ
សមត្ថកិច្ច និងស្ថាប័នរដ្ឋាភិបាលអនុវត្តតាមលេខបទបញ្ជាលេខ០១
របស់រាជរដ្ឋាភិបាល ស្តីពី ការបញ្ឈប់ការផ្តល់ដីសម្បទាន សេដ្ឋកិច្ចឱ្យមានប្រសិទ្ធិភាព។
- រដ្ឋាភិបាលត្រូវតែដាក់ទោសទណ្ឌចំពោះមន្ត្រីរទាំងឡាយណាដែលឃុបឃិតជាមួយឈ្មួញ
ក្នុងការកាប់បំផ្លាញព្រៃឈើខុសច្បាប់។
- គាំទ្រ និងទទួលស្គាល់សកម្មភាពសហគមន៍ សមាគម
សិស្ស និស្សិតដែលខិតខំព្រឹងប្រែងការពារធនធានធម្មជាតិ
- បញ្ឈប់ការគំរាមកំហែងគ្រប់រូបភាពមកលើអ្នកការពារព្រៃឈើ
ការពារធនធានធម្មជាតិ និងបរិស្ថាន
អាស្រ័យហេតុនេះសូមសម្តេចមេត្តាពិនិត្យ និងចាត់វិធានការចំពោះស្ថាប័នពាក់ព័ន្ធឱ្យអនុវត្ត
តាមច្បាប់ និងបទបញ្ជារបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពដើម្បីថែរក្សាព្រៃឈើ និងធនធានធម្ម
ជាតិ នៅប្រទេសកម្ពុជាឱ្យបានគង់វង្ស ដើម្បីនិរន្តរភាពនៃបរិស្ថាន។
សូមសម្តេចមេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីយើងខ្ញុំ។
រាជធានីភ្នំពេញ,ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១២
ហត្ថលេខាតំណាង
No comments:
Post a Comment