Pages

Wednesday, May 30, 2012

កុមារដែលរងគ្រោះក្នុងរឿងដីធ្លីអំពាវនាវឲ្យក្រសួងយុត្តិធម៌ដោះលែងឪពុកម្តាយពួកគេ១៥នាក់ ​


ប្រជាពល​រដ្ឋ​មក​ពីសហគមន៍​រង​គ្រោះ​រឿង​ដីធ្លី ប្រ​មាណ​ជិត ១០០នាក់ ដែល​ភាគ​ច្រើន​ជា​កុមារ​ បាន​​​ប្រ​​មូល​​​​ផ្តុំគ្នា​​​​​តវ៉ា​​​ដោយ​សន្តិវិធី​នៅមុខ​ក្រសួង​យុត្តិធម៌ ​ជិត​ព្រះ​បរមរាជវាំង​​ ដោយ​អំពាវ​ និង​ដាក់​ញត្តិ​​​ឲ្យ​ក្រសួង​មួយ​​​នេះ​​​អន្តរា​​គមន៍​ដោះលែង​តំណាង ​និងម្តាយ​ឪពុក​​ពូកគេ ​១៥នាក់​​ចេញ​ពីពន្ធនាគារ​​ព្រៃសរ​។
ប្រជាពលរដ្ឋ​ទាំង​នោះ មា​ន​អតីត​អ្នក​បុរីកីឡា ​ដីក្រហម ​បឹងកក់ ​សហ​គមន៍​ស្ទឹង​មាន​ជ័យ និង​សហគមន៍​មួយ​ចំនួន​ទៀត​ ដែល​ភាគ​ច្រើន​ជាកុមារ​​​ ​​អាយុក្រោម ​​១​​២​​ឆ្នាំ ​បាន​ប្រមូល​ផ្តុំគ្នា ​នៅថ្ងៃទី​៣១ ​ខែឧសភានេះ ​ច្រៀង​ចម្រៀង​ ក្នុង​ន័យ​ជំរុ​​ញ​​​ឲ្យ​​តុ​​លាការ​ផ្តល់​នូវ​​យុត្តិ​​​ធម៌​​​ស​​ង្គម​ និង​​អំពាវ​នាវ​ឲ្យដោះ​​លែង​​​ម្តាយ ​និង​​ឪពុក​ពួកគេទំាង​​​ ១៥​​នា​​ក់ ពី​​​ពន្ធធនាគារ​ព្រៃសរ​ ដែល​​​តុ​​លា​​​​កា​​រ​​​​​កាត់​ទោស​ដាក់​ពន្ធនា ​២ឆ្នាំ ៦ខែ ក្នុង​រឿង​ទំនាស់​ដីធ្លី ​តំបន់​​បឹងកក់​នោះ។​
កុមារី​អាយុត្រឹម ១២ឆ្នាំ ម្នាក់​​ក្នុង​​ចំណោម​នោះ រៀ​ប​រាប់​ដោយ​​ក្តី​​ឈឺ​ចាប់ថា ​កា​រ​ចាប់​ម្តាយ​ពួក​​គេ​ដាក់​​​ពន្ធ​​​នាគារ​ គឺ​ជារឿង​អយុត្តិធម៌ ​និង​អំពាវ​ឲ្យមាន​​​ការ​​​ដោះលែង​វិញ ​ព្រោះ​ម្តាយ​ពួកគេ​​គ្រាន់​​តែ​​ការពារ​​ដីផ្ទះ​​របស់​ខ្លួន​ ​ដែល​​ត្រូវ​​ក្រុម​​បូម​​ខ្សាច់​​ពន្លិច​​ប៉ុណ្ណោះ ៖”​ម៉ែ​​ខ្ញុំ​​ត្រូវ​គេ​ចាប់​​ដាក់​​គុក​​បាត់​​ហើយ​។​ខ្ញុំពិបាក​ណាស់​ពេល​អត់​​មា​នម្ដាយ​ខ្ញុំ​ទៅ​ អត់​មាន​អ្នក​ណា​មើល​ប្អូន​ខ្ញុំ ប្អូន​ខ្ញុំ​ឈឺ​នៅ​ផ្ទះ​ ​គ្មា​ន​អ្នក​​ណា​​គេ​មើល​​​ទៅ ​​ហើយ​ខ្ញុំ​ទៅ​រៀន ខ្ញុំ​រៀន​មិន​ដែល​ចូល​ទេ ឲ្យ​​តែ​គ្រូ​រំលឹក​ពី​ម្ដាយ​​តើ​ម្ដាយ​អ្នក​​ជួយ​​ថែ​​រក្សា​អ្នក​ដូច​ម្ដេច​? ខ្ញុំ​ពិបាក​ខ្លាំង​ណាស់ ខ្ញុំ​ពិបាក​នឹង​ឆ្លើយ​សំនួរ​នេះ​ ព្រោះ​ម្ដាយ​ខ្ញុំ​នៅ ក្នុង​គុក​ឯណោះ​។​ ខ្ញុំ​មិន​ជា​ឆ្លើយ​សំនួរ​នេះ​​យ៉ាង​ម៉េច​នោះ​ទេ ហើយ​ខោអាវ​របស់​ខ្ញុំ​ស្អី​របស់​ខ្ញុំ​ក៏​ដោយ​​ក៏​គ្មាន​អ្នក​ណា​រៀប​ចំ​ឲ្យ​ដែ​រ​ព្រោះ​គ្មាន​ម្ដាយ។​​ ខ្ញុំ​ត្រូវ​ការ​ម្ដាយ។​​ អយុត្តិធម៌ណាស់​ ។​ម្ដាយ​ខ្ញុំ​មិន​បាន​ទៅ ឆក់​ប្លន់អីទេ ម៉េច​ក៏​​ចាប់គាត់​ដាក់​គុក​ធ្វើ​អី​ទៀត​។​ ខ្ញុំ​ពិត​ជា​ឈឺ​ចាប់​ខ្លាំង​ណាស់។​ ខ្ញុំ​ចង់​ឲ្យ​សម្ដេច​ ហ៊ុន សែន​ ជួយ​ដោះ​ស្រាយ​ម្ដាយ​​ខ្ញុំ ជួយ​ឲ្យ​ម្ដាយ​ខ្ញុំ​ចេញ​ពី​គុក​ ហើយ​ក៏​ជួយ​ដល់អ្នក​ភូមិ​ខ្ញុំ​ដែរ។​ ខ្ញុំ​ត្រូវ​ការ​ម្ដាយ​ខ្ញុំ ខ្ញុំ​ត្រូវ​ការ​អ្ន​ក​ភូមិ​ខ្ញុំ​”​។​
ចំណែក​ស្រ្តីចំណាស់​ម្នាក់​ក្នុង​ចំណោម​ស្រ្តីជាច្រើន​នៅក​ន្លែង​តវ៉ា​បង្ហាញ​ពីការ​ឈឺចាប់​ ពី​កា​រ​មិន​យក​ចិត្ត​ទុក​ដាក់​ពីការ​លំបាក​របស់​ពួកគេ ​ពីសំណាក់​អាជ្ញាធរ​មូលដ្ឋាន​។
អំឡុ​ង​ពេល​ក្មេងៗ​ស្រែក​យំ​នៅមុ​ខក្រសួង​រក​យុត្តិធម៌​នោះ​​ តំណាង​អ្នកភូមិ ៥​​នាក់​ត្រូវ​បាន​​​អនុញត្តិ​​​ឲ្យចូល​​​ដាក់​​ញត្តិ​។ មន្ត្រី​ទទួល​ពាក្យ​បណ្តឹង​នៅក្រសួង​យុត្តិធម៌​ លោក ប៊ុន យ៉ៃណារិន មាន​​ប្រសាសន៍ថា​​​ ក្រ​​សួង​​​នឹងប្រឹង​ប្រែង​ជួយ​អ្នក​ភូមិ​ករណីនេះ ​ឲ្យអស់​ពីលទ្ធភាព​ ហើយ​សន្យាថា​ នឹង​​ផ្តល់​ចម្លើយ​ មកវិញ​នៅថ្ងៃច័ន្ទ​សប្តាហ៍​ក្រោយ​។
​សម្រាប់​ម​​ន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៅអង្គការលីកាដូ ​លោក អំ សំអាត ដែល​តាម​ដាន​ករណីនេះ​ មាន​ប្រសាសន៍​ថា​​ ការ​ចាប់​អ្នក​ភូមិ​បឹងកក់​ទាំ​​ង​ ១៥នាក់ ដាក់ពន្ធ​នា​​គារ​នៅថ្ងៃទី២៤​​ ខែឧ​ស​​ភា ឆ្នាំ២​​០​​១២កន្លងគឺ ជាការ​​គំរាម​កំហែង​ដល់​សកម្មជន​ដីធ្លី ​ហើយលោក​ស្នើឲ្យក្រសួង​យុត្តិធម៌​ជួ​​យ​​​អន្ត​​​​រាគមន៍​​​ដោះ​​លែង​​​អ្នក​​ទាំង​នោះឲ្យ​មាន​សេរីភាព​វិញ ​ដើម្បី​កុំឲ្យ​ភាព​ឈឺ​​ចាប់​ដក់​ជា​​​ប់​ក្នុង​អារម្មណ៍​​​ក្មេងៗ​ ​​​​​ដែល​​​កំពុង​​​តវ៉ានេះ​។
ទាក់ទង​នឹងការ​ឃុំខ្លួន​អ្នកភូមិ​បឹងកក់​នេះ ​អង្គការ​សង្គស៊ីវិលជា​​តិ​ និងអន្តរជា​​តិ​បាន​ចេញ​សេ​​ចក្តី​​​ថ្លែង​​​​​​​​កា​រ​​ណ៍ព្រមៗ​គ្នាបន្ត​បន្ទាប់​ ថ្កោល​ទោស​ចំពោះទង្វើ​របស់អាជ្ញាធ​រនេះ ​ដោយចាត់​ទុក​ថា​បាន​​រំលោ​​ភ​​លើ​​​ច្បា​​ប់​ជា​​​​តិ ​និងអន្តរជាតិ ​ពិសេសកតិកាសញ្ញាអន្តរ​ជាតិស្តីពី​សិទ្ធិពលរដ្ឋ និងសិទ្ធិ​​នយោបាយ ហើយ​ទាមទារ​ដោះលែង​វិញជាបន្ទាន់។ ​​ប៉ុន្តែមិនទាន់​​មាន​ប្រតិកម្ម​​ពី​រដ្ឋាភិបាល​​នៅ​ឡើយ​៕
beng-kork-child03-khorn

No comments:

Post a Comment