ពលរដ្ឋនៅស្រុកកោះញ៉ែក ខេត្តមណ្ឌលគីរី ប្រឈមមុខនឹងការឈូសឆាយដីលំនៅឋានពីសំណាក់អាជា្ញធរ ដោយបានអះអាងថាយកដីទៅឲ្យក្រុមហ៊ុនវៀតណាមដំាដំណាំកៅស៊ូ។
លោក សេង សុខុម ជាពលរដ្ឋម្នាក់ក្នុងចំណោមនោះ ប្រាប់សំឡេងប្រជាធិបតេយ្យ VOD នៅព្រឹកថៃ្ងពុធនេះថា កាលពីម្សិលមិញអាជ្ញាធរ បានបង្ខំឲ្យប្រជាពលរដ្ឋទាំងអស់រុះរើសផ្ទះ ដោយផ្តល់ជាអំណោយ ទឹកតែប្រាក់ចំនួន៤០០០០រៀល អង្ករ១០គីឡូ និងមានមីកញ្ចប់មួយចំនួន។
លោក សេង សុខុម បានបន្តថា កាលពីថៃ្ងទី១៨ ខែឧសភានេះ នៅម៉ោង៣រសៀល មានមន្រី្តប៉ូលីសចំរុះគ្រប់លំដាប់អាវុធ ប្រមាណជាង ១០០នាក់ និងមានគ្រឿងចក្រចំនួន២គ្រឿងបានមកឈូសឆាយដីលំនៅដ្ឋានរបស់ប្រជាពលរដ្ឋទំហំសរុប ២០០០ហិកតា តែដោយសារមានការរារាំងពីប្រជាពលរដ្ឋប្រមាណជាង ២០០គ្រួសារ ទើបគ្រឿងនោះបញ្ឈប់សកម្មភាពវិញ ។
អភិបាលរងស្រុកកោះញ៉ែក លោក ចាន់ យឿន ដែលធ្លាប់រងការចោទប្រកាន់ថា បានធើ្វលិខិតក្លែងបន្លំ យកដីរបស់ប្រជាពលរដ្ឋ ទំហំដី ២០០០ហិកតា(ពីរពាន់) ប្រគល់ដីឲ្យទៅក្រុមហ៊ុនវៀតណាមនេះ VOD មិនអាចសុំការបំភ្លឺបានទេនៅព្រឹកថៃ្ងពុធនេះដោយលោកមិនលើកទូរស័ព្ទ។
មន្រ្តីសម្របសម្រួលសិទ្ធិមនុស្សរបស់សមាគមអាហុក ខេត្តមណ្ឌលគីរី លោក គល់ មីឌី មានប្រសាសន៍ថា ដំណោះស្រាយរបស់អាជ្ញាធរ ដោយឲ្យប្រជាពលរដ្ឋនូវទឹកប្រាក់៤០០០០រៀល ជាថ្នូរចេញពីលំនៅឋាននេះ មិនស្របរម្យទេ។ លោកថា ពលរដ្ឋដែលចេញពីលំនៅឋានទាំងនោះ មានការខ្វះខាតដីដាំដុះ ហើយរដ្ឋាភិបាលត្រូវស៊ើបអង្កេតមួយ ដើម្បីដោះស្រាយ បើសិនជាមានខ្វះខាតដីមែន រដ្ឋត្រូវតែផ្តល់ដីសម្បទានសង្គមកិច្ចមួយផ្សេងទៀត។
ប្រជាពលរដ្ឋអះអាងថា ពួកគេ នៅភូមិត្រយ៉ ឃុំកោះញ៉ែក ស្រុកកោះញ៉ែក ខេត្តមណ្ឌលគីរីនេះ ធ្លាប់ត្រូវបានអភិបាលរងស្រុក និងអភិបាលខេត្ត ធើ្វលិខិតឲ្យផ្លាស់ទីលំនៅចាស់មករស់នៅទីលំនៅថី្មដែលមានជម្លោះនេះ ទំហំដី២០០០ហិកតា អស់រយៈពេល ៣ឆ្នាំមកហើយ តែស្រាប់តែកាលពីថ្ងៃទី១៧ ខែឧសភា កន្លងទៅនេះ អភិបាលរងស្រុកកោះញ៉ែក ធើ្វលិខិតបដិសេធមិនទទួលស្គាល់ពលរដ្ឋទាំងនោះទៅវិញ៕
No comments:
Post a Comment