ដោយ ញឹម សុខន និង អ៊ឹង ប៊ុនថន ថ្ងៃព្រហស្បតិ៍ ទី21 មិថុនា ឆ្នាំ2012 ម៉ោង11:56
ប្រជាពលរដ្ឋនៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ ព្រមានថា ពួកគេនឹងធ្វើបាតុកម្មប្រឆាំងក្រុមហ៊ុនភ្នំពេញស្ករស របស់លោក លី យ៉ុងផាត់ បើក្រុមហ៊ុននេះ មិនព្រមបើកផ្លូវសាធារណៈឲ្យពលរដ្ឋធ្វើដំណើរដូចធម្មតាវិញ។
លោក លីវ សារ៉ុម រស់នៅភូមិក្រវៀក ឃុំយាយអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលអះអាងថា ជាតំណាងពលរដ្ឋ បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមិថុនានេះថា កាលពីថ្ងៃពុធ ក្រុមហ៊ុនស្ករស របស់លោកឧកញ្ញា លី យ៉ុងផាត់ បានបិទផ្លូវសាធារណៈមួយកន្លែង ដែលមានទទឹងប្រហែល ៨ម៉ែត្រ និងមានបណ្តោយរាប់រយម៉ែត្រ ដែលពលរដ្ឋធ្លាប់ឆ្លងកាត់តាំងពីដូនតាមក។
លោក លីវ សារ៉ុម បន្តថា ផ្លូវដែលក្រុមហ៊ុនបិទនោះ ជាផ្លូវសំខាន់សម្រាប់ពលរដ្ឋរាប់រយគ្រួសារធ្វើដំណើរទៅប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។ លោកថា ពួកគាត់កំពុងសុំអន្តរាគមន៍ពីអាជ្ញាធរមូលដ្ឋាន ដើម្បីសុំបើកផ្លូវនេះវិញ តែអាជ្ញាធរបែរជាជំរុញឲ្យពលរដ្ឋចេញតស៊ូមតិដោយខ្លួនឯងទៅវិញ ៖ "
VOD មិនអាចទាក់ទងតំណាងក្រុមហ៊ុនស្ករស របស់លោក លី យ៉ុងផាត់ នៅតំបន់នោះដើម្បីបំភ្លឺបានទេនៅថ្ងៃព្រហស្បតិ៍នេះ។
ប្រធានភូមិក្រវៀក លោក ម៉ម មឿន ទទួលស្គាល់ថា ក្រុមហ៊ុនមួយនេះពិតជាបានបិទផ្លូវសារណៈនេះមែន ប៉ុន្តែលោកថាក្រុមហ៊ុនបានបើកវិញ នៅថ្ងៃដដែលបន្ទាប់ពីមានអន្តរាគមន៍ពីអាជ្ញាធរមូលដ្ឋានតាមទូរស័ព្ទ។
ចំណែកមេឃុំយាយអង្គ លោក កែវ យឿន បញ្ជាក់ថា ក្រុមហ៊ុនពិតជាបានបើកផ្លូវមែន ប៉ុន្តែបានកំណត់ម៉ោងចេញចូល ដែលលោកថានៅតែជាផលលំបាកដល់ពលរដ្ឋ ៖ "
មន្ត្រីសម្របសម្រួលនៅសមាគមអាដហុក ប្រចាំខេត្តកំពង់ស្ពឺ លោក រ័ត្ន ថាវី មានប្រសាសន៍ថា ការបិទផ្លូវសាធារណៈណាមួយមិនមាន ឯកភាពពីមន្ត្រីជំនាញ ឬគ្មានការដោះដូរលោកថា ជារឿងខុសច្បាប់។
បើតាមមន្ត្រីការពារសិទ្ធិមនុស្សដដែល បានឲ្យដឹងថា ក្រុមហ៊ុនស្ករសភ្នំពេញនេះ បានទទួលដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលទំហំ ១០០០០ហិកតា នៅឆ្នាំ២០១០ ដើម្បីដាំអំពៅ ហើយក្រោយមក កាត់ចេញខ្លះ ដោយសារប៉ះពាល់លើដីស្រែប្រជាពលរដ្ឋនៅតំបន់នោះ។
កាលពីចុងសប្តាហ៍មុនប្រមុខរដ្ឋាភិបាល បានដាក់យុទ្ធសាស្ត្រស្តីពីកំណែទំរង់ដីធ្លី ដោយបញ្ជាឲ្យអាជ្ញាធរមូលដ្ឋានចុះវាស់វែងដីនៅតំបន់មានជម្លោះ ដែលកើតចេញពីការផ្តល់ដីសម្បទាននេះ ជូនប្រជាពលរដ្ឋវិញ នឹងបន្ថែមដី១០ភាគរយទៀត ទុកឲ្យអាស្រ័យផល៕
No comments:
Post a Comment