Monday, May 7, 2012

រដ្ឋាភិបាល​ប្រកាស​ផ្អាក​បណ្តោះ​អាសន្ន​ចំពោះ​ការ​ផ្តល់​សម្ប​ទាន​ដី​សេដ្ឋ​កិច្ច

hun-sen-moniroth
លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន (រូប​ថត មុនីរតន៍)

រដ្ឋាភិបាល​​កម្ពុ​​ជា​​ប្រ​​កាស​​ផ្អាក​​​​ជា​បណ្តោះ​អា​សន្ន​ ចំពោះ​ការ​​ផ្តល់​​​សម្ប​ទាន​​ដី​សេដ្ឋ​​កិច្ច​​ទៅ​​ឲ្យ​ក្រុម​​ហ៊ុន​​នានា និង​ព្រមាន​ដក​ហូត​​យក​​ដី​សម្ប​ទាន ពី​ក្រុម​ហ៊ុន​​ណា​ដែល​កាប់​​បំផ្លាញ​ព្រៃ​ឈើ ឬ​​មិន​គោរព​​ច្បាប់។
​បទ​បញ្ជារ​បស់​លោកនា​យក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន យ៉ាង​ដូច្នេះ នៅ​ថ្ងៃ​ច័ន្ទ​នេះ គឺ​​ធ្វើ​​ឡើង​​ស្រប​​ពេល​​​​អ្នក​​រាយ​​ការណ៍​​ពិ​សេស របស់​អង្គ​​ការ​​សហ​ប្រ​​ជា​ជាតិ​ ទទួល​បន្ទុក​​សិទ្ធិ​​មនុស្ស​ប្រ​ចាំ​ លោក សុរិយា ប្រា​សាទ ស៊ូប៊ែ​​ឌី កំពុង​ចុះពិ​និត្យ​ផ្ទាល់​ពី​​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​​ធ្ងរ ដោយ​​សារ​​ការ​​ផ្តល់​​ដី​​សម្ប​​ទាន​​​​សេដ្ឋកិ​ច្ច​នេះ​។
ស្តាប់សម្លេង៖   
យោង​តាម​​បទ​​បញ្ជា​ ស្តី​ពី​ វិធាន​​ការ​​ពង្រឹង​ និង​​បង្កើន​​ប្រ​​សិទ្ធិ​​ភាព​នៃ​​ការ​​គ្រ​ប់​គ្រង​​សម្ប​ទាន​​ដី​​សេដ្ឋ​​កិច្ច ដែល​​ចេញ​​ចុះ​ហត្ថ​លេខាដោ​យ​​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន នៅ​​ថ្ងៃ​ទី​​០៧ ខែ​ឧសភា ឆ្នាំ​​២០១២​​នេះ បាន​​ដាក់​​បទ​បញ្ជា​ចំនួន​៤ចំណុច ដោយ ទី១ ​ប្រ​កាស​​ពី​​ការ​​ផ្អាក​​ជា​​បណ្តោះ​​អា​សន្ន​​​នូវ​​ការ​​ផ្តល់​​​សម្ប​ទាន​​ដី​​សេដ្ឋ​​កិច្ច។ ទី២ ​ឲ្យ​​ក្រ​សួង​ ស្ថា​ប័ន និង​​អាជ្ញាធរ​​ដែល​​មាន​​សមត្ថ​កិច្ច​​​​ពាក់​​ព័ន្ធ ត្រូវ​​អនុ​វត្តន៍​​​ឲ្យ​​មាន​​ប្រ​សិទ្ធិ​​ភាព​​ខ្ពស់​ នូវ​​គោល​​នយោ​​បាយ​ និង​​រាល់​​លក្ខ​ខណ្ឌ​ទាំង​ឡាយ​​នៃ​សេចក្តី​សម្រេច​​របស់​​រដ្ឋា​ភិ​បាល និង​​ការ​​ផ្តោត​​ការ​​យក​​ចិត្ត​​ទុក​​ដាក់​​លើ​​ការ​​អនុ​វត្តន៍​​កិច្ច​​សន្យា​ ​​ស្តី​​ពី​​ការ​​ផ្ត​ល់​​សម្ប​ទាន​​ដី​​សេដ្ឋ​​កិច្ច​​​​។​ ទី៣ ព្រមាន​ដក​ហូត​យក​ដី​ពី​ក្រុម​​ហ៊ុន​​ទាំង​ឡាយ​ណា ដែល​មិន​​អនុ​វត្ត​​តាម​​នី​​តិវិធី​​ច្បាប់​​ជា​ធរមាន​ និង​តាម​កិច្ច​សន្យា​ ដោយ​កាប់​ឈើ​លក់​ហើយ​មិន​ធ្វើ​ការ​អ​ភិ​វឌ្ឍន៍​ដី​​សម្បទាន​​ ឬ​ទន្ទ្រាន​ដី​​បន្ថែម ​និង​​បំ​ពាន​​ដី​​របស់​​ប្រ​ជា​ពល​រដ្ឋ​ ឬ​ដី​​សហ​គមន៍​។ និង​ទី៤ ចំ​ពោះ​​សម្បទាន​ដី​សេដ្ឋ​កិច្ច​ដែល​បាន​ទទួល​ការ​​អនុញ្ញាត​​​ជា​​គោល​​ការណ៍​​ពី រដ្ឋា​ភិ​បាល​រួច​ហើយ​ មុន​​ថ្ងៃ​ចេញ​បទ​បញ្ជា​នេះ​ ត្រូវ​បន្ត​អ​នុវត្ត​​ឲ្យ​​​បាន​​ម៉ឺង​ម៉ាត់​ ​ និង​មាន​ប្រ​សិទ្ធិ​ភាព​ខ្ពស់​បំ​ផុត​។​
​ប្រ​ធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​អាដ​ហុក លោក នី ចរិយា ​បានស្វាគមន៍​ចំពោះ​វិធាន​ការ​​ថ្មី​នេះ។ ប៉ុន្តែ​លោក​​សុំ​​ឲ្យ​​ពិ​និត្យ​​ឡើង​​វិញ​ នូវ​​ដី​សម្បទា​ន​ដែល​​ផ្ត​ល់​​ឲ្យ​កន្លង​មក ៖ "ការ​ផ្អាក​ហ្នឹង​វា​ជា​ការ​ត្រឹម​ត្រូវ​មួយ​ហើយ ​ប៉ុន្តែ​មិន​ត្រឹម​ធ្វើ ត្រឹម​តែ​ផាក​ទេ សុំ​អោយ​ពិនិត្យ​ឡើង​វិញ​ ទៅ​លើ​សម្បទាន​ដែល​បាន​ផ្តល់​អោយ ក្រុម​ហ៊ុនហ្នឹង​​​អនុ​វត្តន៍មិន​​ត្រឹម​ត្រូវ​តាម​ច្បាប់​ទេ ត្រូវ​តែ​ដកមក​​វិញ​ទៅ”។
អ្នក​នាំ​ពាក្យ​គណបក្ស​​សម​​រង្ស៊ី លោក យឹម សុវណ្ណ មាន​ប្រ​សាសន៍​ថា ការ​ផ្អាក​ជា​បណ្តោះ​អា​សន្ន​​នូវ​ការ​​ផ្តល់​ដី​សម្បទាន​សេដ្ឋ​កិច្ច​នេះ​ ហាក់​ដូច​ជា​យឺត​ពេល​ ​ និងថា វិធានការនេះ គឺជាការ​​កេងចំណេញ​នយោបាយ​​​ជិត​បោះឆ្នោត ៖ "អ្វី​ដែល​ធ្វើ​ហ្នឹង ហាក់​បី​ដូច​ជា​ចង់​យឺត​ពេល​បន្តិ​ចហើយ​ ដោយ​សារ​តែ​ព្រៃ​ឈើមួយចំនួន​ត្រូវ​ខ្ទេច​ខ្ទី ដី​ធ្លី​ស្រែ​ចំការ​ប្រ​ជា​ពលរដ្ឋ​​ត្រូវ​បាត់​បង់ នេះ​ជា​រឿង​មួយ​គួរ​អោយ​សោក​ស្តាយ​បំផុត ហើយ​ទើប​តែ​មក​ធ្វើនៅ​ពេល​ប៉ុន្មាន​ថ្ងៃ​ មុន​ថ្ងៃ​បោះ​ឆ្នោត សូមកុំ​​​អោយ​ទង្វើ​នេះ គ្រាន់តែ​ជា​ទង្វើ​ប្រ​ជា​ពិធុថដើម្បី​បោក​ប្រាស់​ប្រជា​ពលរដ្ឋ”។
សំឡេងប្រជាធិបតេយ្យ VOD មិនអាចសុំការបំភ្លឺបន្ថែម ពីអ្នកនាំពាក្យ​រដ្ឋាភិបាល​ទេ នៅថ្ងៃច័ន្ទនេះ។
យោង​​តាមរបាយការណ៍​សិទ្ធិ​ដីធ្លី ​និង​លំនៅដ្ឋាន​​​ ឆ្នាំ​២០១១ របស់សមាគម​អាដ​ហុក​ បាន​បង្ហាញថា រាជរ​​ដ្ឋា​​ភិបាល​​ បាន​​ផ្តល់​ដី​​​ចំនួន​ ៧៥១.៨៨២ ហិក​តា​ ​​ទៅ​​​ឲ្យ​​ក្រុម​ហ៊ុន​​​ឯក​ជន​​​វិនិយោគ។​ ប៉ុន្តែ​របាយការណ៍នេះ បាន​រក​ឃើញថា ក្នុងឆ្នាំ​២០១១ មាន​ពល​រដ្ឋ​យ៉ាងតិច ៤២៧​នាក់ រង​ការ​ចោទ​ប្រកាន់ ៩៥​នាក់​​​ត្រូវ​ចាប់​ខ្លួន និង៤៨​នាក់​ទៀត ជាប់ឃុំ​ដោយ​សារ​​ជម្លោះដីធ្លី​ជាមួយក្រុមហ៊ុន​ ​ដែល​ទទួល​បាន​ដី​សម្បទានសេដ្ឋកិច្ចនេះ។ អាដហុក​ ក៏បាន​បញ្ជាក់​ទៀត​​​ថា នៅឆ្នាំ​២០១១ កន្លងមក មាន​ប្រជាជន​​ចំនួន ១២៧ សហគមន៍ ត្រូវបាន​​បណ្តេញ​​ចេញ​​នៅ​​ទូទាំង​ប្រទេស ក្នុង​នោះ​​មាន ៨១​សហគមន៍​​នៅ​ក្នុង​រាជ​ធានី​​ភ្នំ​ពេញ​។ បញ្ហាទាំងនោះ អាដហុក​​ រកឃើញថា ដោយ​សារការ​ផ្តល់​ដី​​សម្បទានខ្លះ រំលោភ​​លើ​​ច្បាប់​​ភូមិ​​បាល៕

No comments:

Post a Comment