Thursday, May 3, 2012
អាមេរិកអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាការពារសកម្មជនសិទ្ឋិមនុស្ស
បន្ទាប់ពីអង្គការសហប្រជាជាតិ សហភាពអឺរ៉ុប អង្គការជាតិ អន្តរជាតិជាច្រើនបានចេញសេចក្តីថ្លែងការណ៏ជុំវិញករណីបាញ់សម្លាប់លោក ឈុត វុទ្ឋី សកម្មជនការពារព្រៃឈើ នៅព្រឹកនេះ សហរដ្ឋអាមេរិកក៏បានចេញសេចក្តីថ្លែងការណ៏ បង្ហាញពីកង្វល់ចំពោះការសម្លាប់លោកឈុត វុទ្ឋីនោះដែរ។
ប្រាំបីថ្ងៃបន្ទាប់ពីការបាញ់សម្លាប់សកម្មជនការពារបរិស្ថាន លោកឈុត វុទ្ឋី ប្រធានអង្គការការពារធន ធាន ធម្មជាតិ នៅព្រឹកថ្ងៃទី៣ឧសភានេះស្ថានទូតអាមេរិកប្រចាំកម្ពុជាបានចេញសេចក្តីថ្លែងការណ៏មួយជាការបង្ហាញកង្វល់ចំពោះការប្រើប្រាស់កម្លាំងប្រដាប់អាវុធ ក្នុងការរារាំង សកម្មភាពសិទ្ឋិមនុស្ស និងការ ការពារធនធានធម្មជាតិ។
សេចក្តីថ្លែងការណ៏របស់ស្ថានទូតសហរដ្ឋអាមេរិកបានផ្តើមថា” សហរដ្ឋអាមេរិកមានកង្វល់យ៉ាងជ្រាល ជ្រៅទៅលើហេតុការណ៏ដែលបានកើតក្នុងពេលថ្មីៗនេះ ដែលបណ្តាលឲ្យលោកឈុត វុទ្ឋីស្លាប់។ លោក ឈុត វុទ្ឋី ជាអ្នកការពារធនធានធម្មជាតិដ៏ឆ្នើមម្នាក់នៅប្រទេសកម្ពុជា ហើយជាអ្នកការពារសិទ្ឋិមនុស្សយ៉ាង មុតមាំ។ យើងសូមសំដែងមរណៈទុក្ខដ៏ស្មោះដល់ក្រុមគ្រួសារសព” ។
សហរដ្ឋអាមេរិកបន្តថាក្នុងពេលដែលយើងកំពុងតាមដានរឿងនេះដោយយកចិត្តទុកដាក់ និងស្វែងយល់ឲ្យបានគ្រប់ជ្រុងជ្រោយ ទៅលើការពិតនៅនឹងកន្លែងកើតហេតុនោះ។ សហរដ្ឋអាមេរិក សុំ ឲ្យអាជ្ញាធរកម្ពុជាធ្វើការស៊ើបអង្កេតឲ្យបានពេញលេញប្រកបដោយតម្លាភាព និងអាចជឿទុក ចិត្តបានក្នុង ករណី នេះ។លើសពីនេះទៅទៀត សហរដ្ឋ អាមេរិក សូមលើកទឹកចិត្តឲ្យអាជ្ញាធរនាំខ្លួន មកកាត់ទោសប្រកដោយតម្លាលភាព និងភាពអាចជឿទុកចិត្តបាន នូវជនណាដែលបានរកឃើញ ថាមានការទទួលខុសត្រូវក្នុងករណីបាញ់សម្លាប់លោកឈុត វុទ្ឋីនេះ។
នៅក្នុងសេចក្តីថ្លែងការណ៏ដដែលសហរដ្ឋអាមេរិកបានចាត់ទុក លោក ឈុត វុទ្ឋី ថាជាបុគ្គលម្នាក់ដែលបានបំពេញការងារដ៏មានតំលៃ ក្នុងការការពារធនធានធម្មជាតិរបស់ប្រទេសកម្ពុជា ក៏ដូចជាការធ្វើឲ្យមានការយកចិត្តទុកដាក់លើភាពចាំបាច់សម្រាប់រដ្ឋាភិបាលមួយ ដែលមានតម្លាភាពដើម្បីបម្រើ ប្រជា ជន។ មិនតែប៉ុណ្ណោះសហរដ្ឋអាមេរិកបានសម្តែងកង្វល់ទៅលើការប្រើកម្លាំងដើម្បីរារាំង សកម្មភាពបុគ្គលម្នាក់ៗ ដែលមានបំណងបង្ហាញឲ្យគេបានឃើញនូវបញ្ហាសំខាន់នានាប្រកបដោយសន្តិវិធី ដូចជាកាប់ឈើខុសច្បាប់នេះជាដើម។ សហរដ្ឋអាមេរិក បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា ធានាការពារបុគ្គលទាំងនេះ និងសិទ្ឋិជាមូលដ្ឋានរបស់គេ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment